ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណជាអនេក ចំពោះ ឯកឧត្តម ស សុខា ស្ថាបនិកខ្សែភាពយន្តដំណើរជីវិតរឿង “ផ្លូវចាស់”

នៅថ្ងៃទី១៦ ខែកក្ដដា  ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ​ ព្រមទាំង​ក្រុមគ្រួសារទាំងមូល សូមថ្លែងអំណរគុណជាអនេក ចំពោះ ឯកឧត្តម ស សុខា ស្ថាបនិកខ្សែភាពយន្តដំណើរជីវិតរឿង “ផ្លូវចាស់” និងលោកជំទាវ កែ សួនសុភី ព្រមទាំងក្រុមការងារទាំងអស់ ដែលបានរៀបចំពិធីបញ្ចាំងខ្សែភាពយន្តដំណើរជីវិតរឿង “ផ្លូវចាស់” ដែលជាប្រវត្តិតស៊ូរបស់លោកពុកយើងខ្ញុំ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រមទាំងឥស្សរជនឆ្នើមជាច្រើនទៀត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមគ្រួសារសាច់ញាតិរបស់ លោកពុក សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងអ្នកម្ដាយ លោកជំទាវ ញ៉ែម សឿន ផងដែរ។

សូមជម្រាបថា ការផលិតខ្សែរភាពយន្តរឿង “ផ្លូវចាស់”នេះ ជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នា នឹងមិនអាចបំភ្លេចបាននូវសន្ដានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ស្ថាបនិក ឯកឧត្តម ស សុខា និងលោកជំទាវបានទេ។ យើងខ្ញុំ ពិតជា សូមថ្លែងអំណរគុណយ៉ាងខ្លាំងបំផុតក្នុងការផលិតខ្សែរភាពយន្តនេះឡើង ដែលបង្ហាញពីដំណើរជីវិតតស៊ូ និងវីរភាពឆ្នើមរបស់លោកពុក សម្តេច ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា រួមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនទៀត ដែលបានយកកម្លាំងកាយចិត្ត និងស្មារតីចូលរួមដឹកនាំកម្លាំងតស៊ូ រំដោះប្រទេសឲ្យរួចផុតពីរបបខ្មែរក្រហម និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការកែទម្រង់លើគ្រប់វិស័យជាដើម ជូនដល់ប្រជាជនទូទៅ ជាពិសេស អ្នកជំនាន់ក្រោយបានយល់ដឹងពីគំរូវីរភាព និងសេចក្តីល្អរបស់សម្តេច បាននៅស្ថិតស្ថេរក្នុងចិត្តរបស់ពួកយើងទាំងអស់គ្នាជានិរន្តតទៅ។

ជាទីបញ្ចប់ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីបាច់ថែរក្សា លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាមួយឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារៈកិច្ច។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។