ព័ត៌មានជាតិ

នៅព្រឹកនេះ គណបក្សប្រជាជនកម្ពុជា បន្តសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួនសម្រាប់ថ្ងៃចុងក្រោយ

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបន្តសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួនសម្រាប់ថ្ងៃចុងក្រោយ នៅទីស្នាក់ការកណ្ដាលគណបក្ស នារាជធានីភ្នំពេញ។

សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ។

របៀបវារៈក្នុងសន្និបាតវិសាមញ្ញនេះ មានការថ្លែងសុន្ទរកថាបើកសន្និបាតដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, ការបង្ហាញរបាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣, កិច្ចពិភាក្សានៅក្នុងអង្គសន្និបាត ហើយចុងក្រោយមានមតិបូកសរុប និងណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាដើម។

សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ៕ (FN)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។