ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកបណ្ឌិតប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KOPIA ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភគាំទ្ររបស់សាធារណៈរដ្ឋកូរ៉េមកកម្ពុជាលើវិស័យកសិកម្ម

(ភ្នំពេញ) :នាវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកបណ្ឌិត Song Young Ju ប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KOPIA ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភគាំទ្ររបស់សាធារណៈរដ្ឋកូរ៉េមកកម្ពុជាលើវិស័យកសិកម្ម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរលោក ដែលត្រូវបានជ្រើសតាំងជាប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA ប្រចាំនៅកម្ពុជា ហើយតាមរយៈលោក ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជនកូរ៉េ និងរដ្ឋាភិបាលកូរ៉េដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍលើវិស័យកសិកម្មនៅកម្ពុជាជាង ១០ឆ្នាំ កន្លងទៅនេះ ដោយ​ផ្តោតលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវ។ ឯកឧត្តមសង្ឃឹមថា កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្ត និងពង្រីកកិច្ចសហការដ៏ល្អនេះបន្ថែមទៀត ជាពិសេសលើការងារបណ្ដុះបណ្ដាល ស្រាវជ្រាវពូជដំណាំដែលកំពុងមានសក្ដានុពល ដូចជាពូជពោតក្រហម
ជាមួយអគ្គនាយកដ្ឋានកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។

នាឱកាសនេះ លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី ហើយគោលបំណងនៃជំនួបនារសៀលនេះគឺដើម្បីជម្រាបជូនឯកឧត្តមជ្រាបអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផលិតកម្មពូជពោតក្រហម CHM01 ដែលជាគ្រាប់ពូជអីប៊្រិដកម្ពុជា ទី១។ ចំពោះគម្រោងនេះ លោកបណ្ឌិតបានបញ្ជាក់ថា ពូជ CHM01 គឺទទួលបានមកពីកិច្ចខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងបង្កាត់ដោយអ្នកជំនាញការកូរ៉េ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែកលើផ្ទៃដី ៧ហិកតា ដើម្បីចែកជូនកសិករតាមខេត្តគោលដៅ។ លោកបណ្ឌិតបន្ថែមថា ពូជ CHM01 នេះគឺជាពូជដ៏ល្អ និងអាចប្រកួតប្រជែងជាមួយពូជនាំចូលមកពីបរទេសបាន ហើយផែនការអនុវត្ត ៣ឆ្នាំ ២០២១-២០២៣ នៃគម្រោងនេះ គឺនឹងចែកជូនប្រជាកសិករក្នុងមួយគ្រួសារទទួលបាន ២០គីឡូ សម្រាប់ធ្វើការដាំដុះក្នុង ១ហិកតា ដោយត្រូវចែកជូនកសិករដាំដុះឱ្យបាន ៣០០ហិកតា។ ហើយទិន្នផលដែលរំពឹងនឹងអាចទទួលបានគឺ ៩-១០ តោនក្នុង ១ហិកតា។ ចំពោះគម្រោងផ្សេងៗដូចជា គម្រោងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4 និងគម្រោងសាកវប្បកម្ម កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្តផ្តល់ការគាំទ្របន្ថែមទៀតផងដែរ។

បន្ទាប់ពីទទួលបានដំណឹងដ៏ល្អនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA និងអគ្គនាយកដ្ឋានកសិកម្ម ដោយឯកឧត្តមបានបញ្ជាក់ថានេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពោតក្រហមគឺជាដំណាំដ៏មានសក្ដានុពល សម្រាប់កម្ពុជា ហើយតាមរយៈពូជថ្មីនេះ ឯកឧត្តមសង្ឃឹមថានឹងអាចពង្រីកផលិតកម្មឱ្យកាន់តែច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់ក្រសួងក្នុងការជំរុញការផលិត ផ្គត់ផ្គង់ទូទាំងប្រទេសសម្រាប់ផលិតចំណីសត្វ និងឈានទៅធ្វើការនាំចេញពោតក្រហមឲ្យបានច្រើនថែមទៀត។ សម្រាប់ជាយុទ្ធសាស្ត្របន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តីស្នើដល់ភាគីកូរ៉េ និងអគ្គនាយកដ្ឋានកសិកម្មបន្តកិច្ចសហការដ៏ល្អនេះ ជំរុញការផលិត និងបន្តការបង្កាត់ពូជថ្មីៗបន្ថែមទៀត គឺពូជ CHM02 និង CHM03។ ទន្ទឹមនឹងនេះ ដើម្បីនិរន្តរភាពនៃការផលិត និងបង្កាត់ពូជថ្មីនេះសម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស គួរពិនិត្យ ពិចារណា និងជ្រើសរើសវិស័យឯកជនដែលមានទាំងធនធាន និងសក្ដានុពលឱ្យចូលរួមក្នុងការងារនេះ។ អគ្គនាយកដ្ឋានកសិកម្មក៏ត្រូវប្រើប្រាស់យន្តការត្រួតពិនិត្យ និងបញ្ជាក់គុណភាពនៃពូជនេះឱ្យបានល្អប្រសើមុន និងក្រោយប្រគល់ជូនប្រជាកសិករ។ ហើយក៏គួរមានកិច្ចសហការ និងកន្លែងដាំបង្ហាញពូជពោតក្រហម CHM01 នៅតាមសាកលវិទ្យាល័យ និងសាលាកសិកម្ម ដើម្បីនិស្សិតអាចចូលរួមធ្វើការសិក្សាស្រាវជ្រាវ និង​ពិសោធន៍ផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ភាគីកូរ៉េជួយពិនិត្យ ពិចារណាដល់ការបញ្ជ្រាប និងបញ្ចូលបច្ចេកវិទ្យា បច្ចេកទេសថ្មីទំនើបក្នុងអនុវិស័យសាកវប្បកម្ម ដូចជាការជំរុញការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពបៃតង។ ជួយជំរុញដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ដល់ការដាំដុះផ្កា ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក និងបង្កើនប្រាក់​ចំណូលគ្រួសារដល់ប្រជាកសិករកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។