ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងពិធីបើកសម្ភោធលក់ជាផ្លូវការ របស់ក្រុមហ៊ុនបុរីមង្គលថ្មី នៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងភូមិ១ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍

(ព្រៃវែង)  :នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ជាមួយប្រតិភូអមដំណើរថ្នាក់ខេត្តមួយចំនួន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងពិធីបើកសម្ភោធលក់ជាផ្លូវការ របស់ក្រុមហ៊ុនបុរីមង្គលថ្មី នៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងភូមិ១ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា ក្រោមដំបូលសុខសន្តិភាពនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ដែលជាប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានភាពប្រសើរឡើង យ៉ាងណាមិញ ក្រុមហ៊ុនបុរីមង្គលថ្មីនាពេលនេះ ក៏មានឱកាសអភិវឌ្ឍន៍តំបន់ទីប្រជុំជនអ្នកលឿង ប្រកបដោយសក្តានុពល អោយក្លាយជាតំបន់សេដ្ឋកិច្ចចម្រុះ ដោយបង្កើតតំបន់លំនៅដ្ឋានទំនើបសម្រាប់ប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅមូលដ្ឋាននេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ អោយបានគ្រប់ៗគ្នា។

ជាទីបញ្ចប់ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម សុខ ផេង សូមប្រសិទ្ធិពរជ័យជូនឯកឧត្តម លោកជំទាវ គណៈអធិបតី និងអ្នកចូលរួមនៃអង្គពិធីទាំងមូល បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីគ្រោះកាចទាំងឡាយ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។