ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តខែកញ្ញា ឆ្នាំ២០២២

(ព្រៃវែង) :ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំធំ “A”សាលាខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអភិបាលក្រុង-ស្រុកទាំង១៣ សរុបចំនួន១៤១រូប។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានក្រើនរម្លឹក និងជម្រុញបន្ថែមដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា ច្បាប់ និងនីតិវិធីជាធរមាន និយាយជារួមគឺ ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន បន្តពង្រឹងផ្សព្វផ្សាយការងារភូមិ ឃុំមានសុវត្ថិភាព (គ្រឿងញៀន និងល្បែងសុីសង) នៅក្នងដែនសមត្ថកិច្ចការទទួលខុសត្រូវរបស់ខ្លួន ជាពិសេស ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលនេះ។ ក្រៅពីនេះ យើងក៏ត្រូវពិនិត្យ និងជម្រុញការងារចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ជាពិសេស ក្មួយៗដែលមិនទាន់បានទៅទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបន្ស៊ាំសហគមន៍ និងរស់នៅតាមបែបគន្លងថ្មី លើសពីនេះទៀត យើងក៏ត្រូវពង្រឹង និងពន្លឿនការផ្ដល់សេវាធារណ:ជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់សេវារដ្ឋបាលឱ្យបានទាន់ពេលវេលា និងបន្តដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងមន្ទីអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ អោយបានកាន់តែល្អថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។