ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប ដឹកនាំដោយលោក អនុប្រធានធនាគារវិនិយោគអឺរ៉ុប អមដោយលោកជំទាវ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្ររាជាណាចក្រកម្ពុជា។ ជំនួបនារសៀលនេះមានគោលបំណងចំនួនពីរ គឺទី១. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគលើវិស័យកសិកម្ម និងទី២. ធ្វើការចែករំលែកទស្សនវិស័យលើតម្រូវការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត។

ជាបឋម ឯកឧត្តមរដ្ឋមន្ដ្រីបានមានមតិស្វាគមន៍ និងរាយការណ៍ជូនភ្ញៀវបានជ្រាបអំពីវឌ្ឍនភាពវិស័យកសិកម្មជាជំហានៗ រហូតមដល់បច្ចុប្បន្នដែលបានក្លាយជាប្រទេសមួយមានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងឈានទៅជាប្រទេសនាំចេញកសិផលសំខាន់ៗមួយចំនួនទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ក្នុងនោះក៏មានទីផ្សារសហភាពអឺរ៉ុបផងដែរ។ កម្ពុជាកំពុងធ្វើការអភិវឌ្ឍបន្ថែម ដើម្បីឆ្លើយតបទៅតាមនិន្នាការទីផ្សារអន្តរជាតិដែលចេះតែមានការកើនឡើងជាលំដាប់ទាក់ទងទៅនឹងគុណភាព សុវត្ថិភាព និងភូតគាមអនាម័យ។ល។ ហេតុផលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការជាចាំបាច់នូវការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការកែច្នៃ និងខ្សែច្រវាក់តម្លៃបន្ថែម និងអភិវឌ្ឍធនធានមនុស្ស ដែលកម្មវត្ថុទាំងអស់នេះត្រូវការជំនួយឧបត្ថម្ភ ការគាំទ្រ និងកិច្ចសហការពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងនោះក៏មានសហភាពអឺរ៉ុបផងដែរ។ ឯកឧត្តមសង្ឃឹមថាធនាគារ EIB នឹងក្លាយជាដៃគូរដ៏ល្អមួយទៀតរបស់កម្ពុជានាពេលអនាគត។

នាឱកាសនេះ លោក Kris Peeters បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ដំណើរបេសកកម្មរបស់លោកមកកម្ពុជានាពេលនេះ មានបំណងចង់សិក្សាស្វែងយល់បន្ថែមថាតើ ធនាគារ EIB អាចចូលរួមសហការជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លីបានក្នុងកម្រិតណា។ លោកបានបញ្ជាក់បន្ថែមថាវិស័យកសិកម្ម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា ការអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនស្របតាមកំណើនសេដ្ឋកិច្ចជាតិគឺជាកត្តាសំខាន់ដែលចាំបាច់ត្រូវមានកិច្ចសហការពីបណ្តាដៃគួពាក់ព័ន្ធ។ ឆ្វេងយល់ពីទស្សនវិស័យ និងកត្តាសំខាន់នៃវិស័យកសិកម្មនៅតំបន់អាស៊ី ធនាគារ EIB ថ្មីៗនេះបានបើកការិយាល័យប្រចាំតំបន់នៅទីក្រុងហ្សាការតា ប្រទេសឥណ្តូនេស៊ី។ លោក Kris Peeters បន្ថែមថាតួនាទីបីសំខាន់របស់ ធនាគារ EIB រួមមាន÷ ទី១- ផ្តល់ប្រាក់កម្ចី ទី២- ការគាំទ្រលើការអនុវត្តគម្រោងរបស់សហភាពអឺរ៉ុប និងគម្រោងធនាគារ EIB និងទី៣- ផ្តល់ប្រឹក្សាយោបល់ផ្នែកបច្ចេកទេស។ ដើម្បីឲ្យការវិនិយោគរបស់ធនាគារ EIB ទទួលបានជោគជ័យ និងជាពិសេសជួយដល់ពិភពលោក គម្រោងវិនិយោគទាំងអស់គឺផ្តោតសំខាន់លើគម្រោងបៃតង និងការប្រែប្រួលអាកាសធាតុជាចំបង។ ដោយឡែក ចំពោះជំនួបនាពេលនេះ គឺរួមគ្នាជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសធ្វើការសិក្សាស្វែងយល់បន្ថែមពីតម្រូវការចាំបាត់របស់ភាគីកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលបច្ចុប្បន្ន និងអនាគត។ ហើយលោកបានបញ្ជាក់ថា ធនាគារ EIB និង ធនាគារ EIB ប្រចាំតំបន់អាស៊ី រួមទាំងសហភាពអឺរ៉ុបប្រចាំកម្ពុជានឹងរួមសហការគ្នាតាមគ្រប់រូបភាពក្នុងឆន្ទ:រួម គឺធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងវារីវប្បកម្មកម្ពុជា។

ឯកឧត្តមរដ្ឋមន្ដ្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះទស្សនរបស់លោក Kris Peeters ហើយដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ២០២២-២០៣០ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា រាល់គម្រោងគាំទ្រដែលបាន និងកំពុងអនុវត្ត ជាពិសេសគម្រោងដែលនឹងរៀបចំនាពេលអនាគតត្រូវកំណត់យក និងជំរុញការធ្វើទំនើបកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ការកែច្នៃ វេច​ខ្ចប់ ប្រកបដោយគុណភាព និងស្តង់ដារដើម្បីផ្គត់ផ្គងទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក។ ទន្ទឹមនឹងនោះ ត្រូវជំរុញការកសាងធនធានមនុស្សតាមរយ:ការធ្វើកម្មសិក្សារបស់និស្សិត និងមន្រ្តីជំនាញ ដូចដែលកម្ពុជាបាននិងកំពុងធ្វើជាមួយប្រទេសអ៊ីស្រាអែល និងប្រទេសដទៃទៀត។ ឯកឧត្តមរដ្ឋមន្ដ្រី សង្ឃឹម និងជឿជាក់ថា ធនាគារ EIB នឹងចូលរួមផ្តល់កិច្ចសហការជាមួយក្រសួងដើម្បីឈានទៅសម្រេចគោលដៅនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។