ព័ត៌មានជាតិ

ពិធីប្រគល់សញ្ញាបត្រជ័យលាភី ដល់និស្សិតសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម

(កំពង់ចាម) :ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជ័យលាភីបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដល់និស្សិតនៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។

ពិធីនេះដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងក្រសួងអប់រំយុវជន និងកីឡា និងគណៈគ្រប់គ្រងសាលា ព្រមទាំងនិស្សិតសកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (ហៅកាត់ UME) ខេត្តកំពង់ចាម ប្រមាណជាង៧០០នាក់។

មានបទពិសោធន៍ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាន ពាំនាំនូវការសាកសួរ សុខទុក្ខពីប្រមុខដឹកនាំដែលមានសម្តេចទាំងទ្វេ ជូនចំពោះថ្នាក់ដឹកនាំសាលា និស្សិតទាំងអស់ រួមទាំងប្រជាពលរដ្ឋ ដែលជានិច្ចជាកាលសម្តេច តែងតែចង់ដឹងសុខទុក្ខដល់ប្រជាពលរដ្ឋ ក្នុងនាមសម្តេចជាប្រមុខដឹកនាំប្រទេសជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការទទួលសញ្ញាបត្ររបស់ និស្សិតថ្ងៃនេះ គឺជាការបញ្ជាក់ពីភាពជោគជ័យនៅក្នុងជីវិតដែលយើងគ្រប់គ្នាបានខិតខំតស៊ូ ក្នុងការសិក្សារៀនសូត្រក្រេបយកចំណេះដឹង សម្រាប់ជីវិតដែលចំណេះវិជ្ជាជាទ្រព្យសម្បត្តិ ដែលអ្នកដទៃមិនអាចយកបាន ដែលយើងបានតស៊ូជម្នះរាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងជីវិតហើយដែលអ្នកគ្រប់គ្នាក៏មិនសុទ្ធតែមានឱកាសដូចយើងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា សារៈសំខាន់នៃការបណ្តុះ បណ្តាលនូវធនធានមនុស្សគឺអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្លាំង ណាស់ ព្រោះវាជាកត្តាដែលនាំឱ្យប្រទេសយើងអាចធ្វើការអភិវឌ្ឍដោយចីរភាព និង និរន្តរភាព។ ប្រទេសជាតិដែលសម្បូរដោយធនធានមនុស្សប្រទេសជាតិនោះ និងមានការ រីកចម្រើនយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញមនុស្ស យើងបើមានចំណេះដឹងហើយ នៅទីផ្សារ ការងារ និងងាយស្រួលរកនឹងទទួលបានប្រាក់កម្រៃខ្ពស់ដែរ។ ដូចនេះយើងត្រូវតែបន្តការ ធ្វើអភិវឌ្ឍខ្លួនលើផ្នែកចំណេះដឹង ក៏ដូចជំនាញដើម្បីអនាគតខ្លួនឯងនិងដើម្បីចូលរួម ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។