ព័ត៌មានជាតិ

​ ប្រធានក្រុមប្រឹក្សាខេត្ត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក​ និងការពារទប់ស្កាត់ បង្ក្រាបករណីគ្រឿងញៀន និងក្មេងទំនើង

(សៀមរាប) ៖នៅព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត និងវត្តមានចូលរួមរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្ត និង អស់លោកលោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង ស្រុក និង នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្តចូលរួមផងដែរ ។

ឆ្លងទៅតាមរបៀបវារៈដែលបានលើកឡើងចំនួន៦​ ដែលបានគ្រោង និងបានអនុម័តរួចមក ក្នុងនោះដែរសមាជិកនៃ ក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានលើកនូវចំណុចមួយចំនួន ពាក់ព័ន្ធលើបញ្ហាភ្លើងសញ្ញាចរាចរណ៍​ បញ្ហាតំបន់ព្រៃលិចទឹក ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។

លោក នាក់ ណេរ៉ុន ក៏បានឯកភាពទៅលើចំណុចដែលសមាជិកសមាជិកាបានលើក ឡើងក្នុងកិច្ចប្រជុំ ព្រមទាំងបានឲ្យមន្ត្រីជំនាញធ្វើការបកស្រាយបំភ្លឺ នូវរាល់ចម្ងល់ទាំងឡាយដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើងនោះ ។ ក្នុងនោះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ទៅលើការងារសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និង ការអនុវត្ត នូវច្បាប់ចរាចរណ៍ ទាំងការអប់រំ និង ផាកពិន័យ ។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា ក៏បានលើកឡើងផងដែរ អំពីព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត និងបានបន្តឲ្យរដ្ឋបាលក្រុងជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក និងសង្កាត់ស្លក្រាម ដើម្បីផ្លាស់ប្តូរទីលំនៅទៅរស់នៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងពាក់ស្នែង ព្រមទាំងសូមឲ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការពារទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន និងក្មេងទំនើង ព្រមទាំងអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ហើយ ខេត្តសៀមរាប កំពុងទទួលបាននូវកំណើនភ្ញៀវទេសចរណ៍ជាបន្តបន្ទាប់។ កន្លងមកនេះ កងកម្លាំងនគរបាលខេត្តបានការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមប្រជុំក្នុងខេត្តសៀមរាបបានល្អប្រសើរ និងសូមឱ្យបន្តកិច្ចការងារនេះបន្តទៀត ព្រោះថានាពេលខាងមុខនេះ នឹងមានកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ដូចនេះ កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ គឺជាកិច្ចការងារដែលបញ្ជាក់ដល់អន្តរជាតិពីសុខសុវត្ថិភាពក្នុងខេត្តសៀមរាប និងជាកត្តាមួយក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបបន្ថែមទៀត ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើដល់ថ្នាក់ដឹកនាំខេត្តសៀមរាបដែលបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អនិងរីកចំរើន និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ព្រមទាំងមាន សាមគ្គីភាពខ្ពស់ និងដោះស្រាយនូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា មានប្រសិទ្ធិភាព និងតម្លាភាពផងដែរ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។