ព័ត៌មានជាតិ

កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេន៧៣នាក់ ស្រី៣៤នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅស៊ូដង់ខាងត្បូង!

(ភ្នំពេញ) ៖ ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារ ភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។

ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជាបានបន្តបញ្ជូនកងរាជអាវុធហត្ថលេខ១៧១ ចំនួន៧៣នាក់ ក្នុងនោះមាននារី៣៤នាក់ ដែលជាកងទី១១ ទៅបំពេញបេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដងខាងត្បូង។

ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជាទាំង ៧៣នាក់នេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវការផ្តាំសួរសុខទុក្ខជូនពរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ជូនចំពោះកងកម្លាំងដែលរៀបចំទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នាពេលនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា សម្រាប់កងរាជអាវុធហត្ថលេខ១៧១ ដែលបានបញ្ជូនទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនេះ គឺជាឆ្នាំទី១១ ដែលទទួលបានការទុកចិត្តពីអង្គការសហប្រជាជាតិ ក្នុងការចូលរួមចំណែកស្វែករកសន្តិភាពជូនប្រទេសដែលរងដោយជម្លោះដូចបណ្តាលកងមុនៗដែរ។

បន្ថែមពីនេះ ប្រមុខកងទ័ពមួកខៀវកម្ពុជា បានក្រើនរំឮកដល់កងកម្លាំងដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌នៅក្រៅប្រទេសដែលកំពុងរងគ្រោះដោយសារភ្លើងសង្គ្រាមត្រូវរក្សាសាមគ្គីគ្នាជាធ្លុងមួយ តាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។ កងកម្លាំងទាំងត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសង្កត់ធ្ងន់ថា៖ «ត្រូវចងចាំថា វត្តមានរបស់កងកម្លាំងយើងនីមួយៗ មិនត្រឹមតែតំណាងអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ ឬមជ្ឈមណ្ឌលជាតិប៉ុណ្ណោះទេ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ គ្រប់សកម្មភាពទាំងក្នុង និងក្រៅម៉ោងធ្វើការត្រូវតម្កល់កិត្តិយសជាតិជាតិជាចម្បង»។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។