ព័ត៌មានជាតិ

មន្ត្រីគយម្នាក់ពាក់ព័ន្ធនឹងឈ្មួញពីរនាក់សម្រុកនាំចូលទូរស័ព្ទទំនើបៗគេចពន្ធ នាំពីអាមេរិកនិងចិនចែកចាយបន្ត

(ភ្នំពេញ) ៖ ការនាំទូរស័ព្ទទំនើបៗពីបរទេសចូល ក្នុងស្រុក ចែកចាយនៅរាជធានីភ្នំពេញតាមបណ្តាខេត្តនិងបន្តដឹកឆ្លង ដែនទៅកាន់ប្រទេសវៀតណាមដោយត្រូវគ្នាជាលក្ខណៈប្រព័ន្ធ។ ប្រភពបានឲ្យថា សព្វថ្ងៃមានឈ្មួញ ២រូប និងមេគយរាជធានីភ្នំពេញ ១រូបទៀត ចាប់យក មុខរបរនេះជាច្រើនឆ្នាំមកហើយ ក្នុងនោះសូម្បីត្រឹមតែមេការក៏អាចរកចំណូលបាន ក្នុង១អាទិត្យ ១ម៉ឺន ទៅ ២ម៉ឺន ដុល្លារ ។ បើយ៉ាងដូច្នេះតើមេៗឈ្មួញទាំង៣រូប ក្នុងនោះមានមេគយ១រូបផង តើរកចំណូលបានអំពើរត់ពន្ធទូរស័ព្ទទំនើបៗនេះទទួលបានផលប្រយោជន៍កម្រិតណា? បន្ទាប់ពីចាត់ចែងកញ្ចប់ឲ្យស្ថាប័ន សមត្ថកិច្ចជំនាញពាក់ព័ន្ធរួចរាល់?

គេបង្ហើបថា ទី១-ឈ្មួញឈ្មោះ អ៊ុង សុភា មន្ត្រីយោធាពាក់ផ្កាយ២, ទី២-ឈ្មោះ ឃីន ត្រូវជាប្អូនប្រុសបង្កើតរបស់ប្រពន្ធមេគយ១រូប ដែលមានឥទ្ធិពល, ទី៣-ឈ្មោះ មុន្នី មេគយ១រូបនៅរាជធានីភ្នំពេញ ជាអ្នករកស៊ីចូល ហ៊ុនជាមួយក្រុមឈ្មួញទាំង២ខាងលើ។

ទូរស័ព្ទទំនើបៗ បាននាំចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមរយៈក្រុមហ៊ុន DHL ជាអ្នកចេញ មុខក្លៀទំនិញទាំងអស់នេះផ្តាច់មុខ ជៀសវាងបែកការណ៍។ ប្រភពខ្សឹបថា ជើងហោះហើរពីអាមេរិកនិងចិនបើមាន១០០ជើងហោះហើរមកភ្នំពេញយ៉ាង តិចក៏មានប្រមាណជា៨០ជើងមាននាំទូរស័ព្ទទំនើបៗចូល។ លោកផ្កាយ២ អ៊ុង សុភាជាអ្នកចាត់ចែងទទួលរត់ការបែងចែក ឲ្យទៅឈ្មោះឃីនដឹកចេញពីភ្នំពេញ និងតាបបណ្ដាលខេត្តមួយចំនួន។

លោកផ្កាយ២ អ៊ុង សុភា ចែកចាយនៅរាជធានីភ្នំពេញផង នាំទៅប្រទេសវៀតណាមផង តាមច្រកបាវិត ច្រកស្មាច់ ច្រកត្រពាំងផ្លុង។ ពេលខ្លះនាំចេញតាមច្រកបាវិត ប៉ះទង្គិចគ្នាជាមួយ យាយញាប់ ទោះជាទំនិញមិនដូច គ្នាក៏ដោយ តែជាប់លេខរៀងផ្លូវច្រករបស់ឈ្មួញរៀងៗខ្លួន។ ចំពោះគយ មុន្នី ច្រើនដាក់តាមជាមួយឈ្មួញទាំង ២នេះ។

និយាយរួមទាំងគយខណ្ឌពោធិ៍សែនជ័យ គយចល័តរាជធានីភ្នំពេញ សាខាគយ និងរដ្ឋាករ រាជធានី គយចល័ត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច ថ្នាក់លើថ្នាក់ក្រោមឲ្យតែដឹងថា ការដឹកទូរស័ព្ទទំនើបៗ អាផេត ឆ្នាំងសាក ថ្មទូរស័ព្ទ ជារបស់លោកផ្កាយ២ អ៊ុង សុភា គឺគ្រប់សមត្ថកិច្ចមិនហ៊ានប៉ះពាល់ទេ។

បើឈ្មោះ ឃីន ដែលត្រូវជាប្អូនប្រុសប្រពន្ធមេគយដ៏មានឥទ្ធិពលវិញ ពីមុនដឹកចេញពីភ្នំពេញ ម្តុំផ្លូវ ២០០៤ សុទ្ធតែឡានយីឌុប ក្រោយមកប្រើឡានតូរីស ហើយបច្ចុប្បន្នប្រើឡានកូរ៉េ ដឹកម្តង ពី៥០ទៅ ៦០កេស។

សូមបញ្ជាក់ថា អ្នកស៊ីឈ្នួលដឹកគិតតម្លៃជាគីឡូក្រាម ព្រោះទូរស័ព្ទថ្លៃៗ និងទំនើបៗ។ ដោយឡែកបញ្ហាដឹកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ដូចជា ចេញពីរាជធានីភ្នំពេញ គឺលោកផ្កាយ២ អ៊ុង សុភា ចេញមុខចាត់ចែងទាំងអស់ គ្មានភ័យខ្លាចសមត្ថកិច្ចណាបង្ក្រាបឡើយ។

ទូរស័ព្ទទំនើបៗដែលពួកគេរត់ ប្រភេទអាយហ្វូន១២, អាយហ្វូន១៣, អាយហ្វូន១៤, និងប្រភេទ (Vertu) របស់ប្រទេសអង់គ្លេស មានតម្លៃ១គ្រឿង ចាប់ពី ៧០០០ដុល្លារឡើងទៅ។

លោកផ្កាយ២ អ៊ុង សុភា ចែកចាយនៅរាជធានីភ្នំពេញ រហូតដល់ម្តុំផ្លូវកម្ពុជាក្រោម អ្នកលក់ទូរស័ព្ទទំនើបៗ គឺស្គាល់លោកផ្កាយ២ អ៊ុង សុភា ច្បាស់ណាស់ ព្រោះជាឈ្មួញមានអំណាច។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។