ព័ត៌មានជាតិ

ឃុំខ្លួន​ជាងមាស​ម្នាក់ ក្នុង​ពន្ធនាគារ PJ ពាក់ព័ន្ធ​ចេញ​សែក​ស្អុយ​ជាង​៣​ម៉ឺន​ដុល្លារ!

(​ភ្នំពេញ) ៖ លោក សាន ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួ​ង​ជាងទង​ម្នាក់ ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ជម្រះ​ទោស​ពាក់ព័ន្ធ​ចេញ​មូល​ប្ប​ទាន​ប័ត​គ្មាន​សាច់ប្រាក់​”​សែក​ស្អុយ​” ជាង​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ឈ្មោះ ប៊ា​ន សំណាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជាង​ធ្វើ​មាស ស្នាក់​នៅផ្ទះ​លេខ​២៩ ផ្លូវ​១៣១ ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ដើមចម​ឲ្យ​មានការ​ឃុំខ្លួន​ជាងទង​ម្នាក់​នេះ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ ជនសង្ស័យ ដែល​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ដើមបណ្តឹង បាន​ទៅ​ទិញ​គ្រឿងអលង្ការ​ពី​ហាង​យីហោ​ឈ្មោះ រចនា​អលង្ការ​ត្បូង​ពេជ្រ ដែល​មាន​ទីតាំង​ស្ថិត នៅ​សង្កាត់​ទឹកថ្លា​ន​ខណ្ឌ​សែន​សុខ ។ ពេល​ទិញ ជនសង្ស័យ​មិន បាន​ឲ្យ​លុយ​សុទ្ធ​ទៅ​ដើមបណ្តឹង​ទេ គឺ​បាន​ចេញ​វិ​ក័យ​ប​ត្រ​ចំនួន ៣​សន្លឹក ដែល​មាន​ទឹកប្រាក់​សរុប ៣៧,៤៣២ ដុល្លារ​អា​មេ​រិ​ក ជា​ការ​ទូទាត់​ប្រាក់​ថ្ងៃ​ទិញ​គ្រឿងអលង្ការ​នោះ ។ បន្ទាប់​ពី​ចេញ​វិ​ក័យ​ប​ត្រ​រួច​ហើយ ជនសង្ស័យ​មិន​បាន​ទូទាត់​ប្រាក់​ភ្លាម​ទេ គឺ​បាន​ចេញ​មូល​ប្ប​ទាន​ប័ត “​សែក​” ១​សន្លឹក​របស់​ធនាគារ ABA ឲ្យ​ទៅ​ដើមបណ្តឹង ដើម្បី​ធានា​បំណុល​ថ្លៃ​ទិញ​គ្រឿងអលង្ការ ។ លុះដល់​ថ្ងៃ​កំណត់​ម្ចាសបំណុល បាន​យក​មូល​ប្ប​ទាន​ប័ត​នោះ ទៅ​បើកប្រាក់ ស្រាប់តែ​ខាង​ធនាគារ ឆ្លើយ​តប​វិញ​ថា ជា​”​សែក​ស្អុយ​” ។ ក្រោយ​ដឹង​ថា មូល​ប្ប​ទាន​ប័ត​គ្មាន​សាច់ប្រាក់ ដើមបណ្តឹង​បាន​ទាក់ទង​ទៅ​ជនសង្ស័យ​ជា​ជាងទង ដើម្បី​ជួប​គ្នា ដោះស្រាយ​លុយ​ជំពាក់​នោះ ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​ជួប​ដើមបណ្តឹង​ទេ ថែម​ទាំង​ព្យាយាម​គេចវេះ​ពី​បំណុល​នោះ​ទៀត​ផង ទើប​ធ្វើ​ឲ្យ​ភាគី​ខាង​ដើមបណ្តឹង ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។