ព័ត៌មានជាតិ

ក្រសួងកសិកម្ម ៖កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនជាអធិរាជចន្ទី

(ភ្នំពេញ) ៖ថ្លៃងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់អនុសាសន៍ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។

គួរបញ្ជាក់ដែរថា កម្ពុជាបាននឹងកំពុងផលិតស្វាយចន្ទីមានគុណភាពប្រគួតប្រជែងនៅទីផ្សារជាតិ និងអន្តរជាតិដែលបានធ្វើការនាំចេញកើនឡើងជាបន្តបន្ទាប់ បើទោះបីជាស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីត១៩ និងតម្រូវការផលិតផលកសិកម្មនាំចេញមានការថយចុះយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថាស្វាយចន្ទីនៅតែជាដំណាំឧហ្សាហកម្មនាំចេញលំដាប់ទី០៣ បន្ទាប់ពីស្រូវ និងដំឡូងមី។ នេះបើយោងតាមរបាយការណ៍សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល០២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ១១៤ ១៩៣,៩៣តោន ទៅកាន់ប្រទេសចំនួន០៤ គឺប្រទេសវៀតណាម (១១៤ ១៤០,៥៣តោន) ប្រទេសជប៉ុន(២៧តោន) ប្រទេសថៃ(២០តោន) និងប្រទេសកូរ៉េ (៦,៤០តោន)។

ស្របតាមការចង្អុលបង្ហាញរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងកសិកម្មបានលើកផែនការអទិភាពចំនួន០៣សំខាន់ៗ ដែលផែនការអទិភាពទីបី គឺអនុវត្តគោលនយោបាយជាតិស្តីពីចន្ទី។ ឯកឧត្តម ឌិត ទីណា បានប្តាជ្ញាយ៉ាងមោះមុតសហការជិតស្និតជាមួយអង្គភាពពាក់ព័ន្ធ ទាំងអស់ដូចជាសមាគមន៍ និងសហព័ន្ធស្វាយចន្ទីកម្ពុជា ក្រសួងពាណិជ្ជកម្ម និងធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្វើយ៉ាងណាអាចសម្រេចគោលដៅនេះឱ្យខានតែបាន ដើម្បីប្រែក្លាយកម្ពុជាជាអធិរាជចន្ទីនាពេលអនាគត។

បច្ចុប្បន្ននេះ វិសាលភាពផ្ទៃដីដាំដុះស្វាយចន្ទីមានការកើនឡើងជាលំដាប់ ស្របពេលតម្រូវការទីផ្សាកំពុងមានសន្ទុះ កម្ពុជាបាននឹងកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនជាងមុនផងដែរ។ ទោះបីជាយ៉ាងណា កម្ពុជាមានធនធានកែច្នៃគ្រាប់ស្វាយចន្ទីនៅមានកម្រិតនៅឡើយដែលភាគច្រើនការនាំចេញស្វាយចន្ទីមានទំរង់ជាគ្រាប់ស្រស់ ដែលចាំបាច់ទាមទារឱ្យមានការចូលរួមវិនិយោគពីដៃគូសហការនានា។

ក្រសួងកសិកម្មកំពុងធ្វើការសិក្សាវាយតម្លៃរាល់សក្តានុពលដែលមានស្រាប់ក្នុងវិស័យកសិកម្មនិងរៀបចំផែនការអភិវឌ្ឍន៍ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចក្នុងគោលបំណងទាក់ទាញនិងបង្កើនការវិនិយោគក្នុងវិស័យកសិកម្ម និងជំរុញការនាំចេញកសិផលដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារចិន និងអន្តរជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។