ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម ទទួលគាវរកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅគណៈប្រតិភូខេត្តប៊ិញភឿក ចូលរួមក្នុងពិធីអបអរសាទរ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(កំពង់ចាម) ៖ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ទទួលគាវរកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅគណៈប្រតិភូខេត្តប៊ិញភឿក ចូលរួមក្នុងពិធីអបអរសាទរ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ។

គណៈប្រតិភូខេត្តប៊ិញភឿក ដឹកនាំដោយលោកជំទាវ ហ៊ិញ ធីហ័ាង អនុប្រធានលេខាបក្សអចិន្ត្រៃយ៍ ប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តប៊ិញភឿក អមដោយសហការី ជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ពិធីនេះស្ថិតក្រោមការទទួលគាវរកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ពីសំណាក់ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង មន្ត្រីពាក់ព័ន្ធជាច្រើននាក់ នៅសាលសាឡុង សាលាខេត្ត នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះ ។
នាឱកាសនោះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំស្តារ និងអភិវឌ្ឍន៍ឡើងវិញ ចេញពីគំនរផេះផង់ បាតដៃទទេ រហូតធ្វើឲ្យពិភពលោកបច្ចុប្បន្ន ទទួលស្គាល់យ៉ាងខ្លាំងក្លា នៅលើឆាកអន្តរជាតិ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នយោបាយការបរទេស និងការអភិវឌ្ឍន៍សង្គម ។ ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញនោះ ថ្ងៃនេះ ខេត្តកំពង់ចាម ក៏ដូចជាប្រទេសកម្ពុជាទាំងមូល មានមោទនភាពយ៉ាងក្រៃលែង ចំពោះ ការប្រែប្រួល នៃការអភិឌ្ឍទាំងឡាយ ដែលកើតឡើង ក្រោមដំបូល នៃសុខសន្តិភាព ។ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ខេត្តកំពង់ចាម មានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ឧស្សាហ៍កម្ម ទេសចរណ៍ និងសេវាកម្មជាច្រើន ។ ដូច្នេះ សង្ឃឹមថា ឈរលើកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងកម្ពុជា-វៀតណាម និយាយរួម និងនិយាយដោយឡែក ខេត្តកំពង់ចាម-ប៊ិញភឿក ឱកាសវិនិយោគថ្មីៗ នឹងត្រូវបានបង្កើតបន្ថែមទៀត ក្នុងន័យចែករំលែកផលប្រយោជន៍ និងវិបុលភាពដ៏ត្រចះត្រចង់ជាមួយគ្នាសម្រាប់ពេលអនាគត ។
ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានគូសបញ្ជាក់ដែរថា នៅសល់ពេលប្រមាណជា ១០ថ្ងៃ ទៀតប៉ុណ្ណោះ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស នឹងប្រារព្ធទិវាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលជាពិធីបុណ្យប្រពៃណី ដ៏ធំជាងគេបំផុតរបស់ប្រជាជនកម្ពុជា ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងខែមេសានេះ ។ ក្នុងកំឡុងពេល នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតែងតែមកជួបជុំគ្នា ជាលក្ខណៈគ្រួសារ នៅឯស្រុកកំណើត ដោយបង្កើតកម្មវិធីសាសនា ពិធីសងគុណឪពុកម្តាយ លេងល្បែងប្រជាប្រិយកម្មវិធីសិល្បៈ របាំ រាំលេងកំសាន្ត នៅតាមភូមិ ឃុំ ព្រមទាំង មានការរៀបចំម្ហូបអាហារ ជូនអ្នកមានគុណ និងប្រគេនព្រះសង្ឃ នៅទូទាំងប្រទេសកម្ពុជា ផងដែរ ។ ជាមួយនោះ ថ្ងៃនេះ ទោះបីជាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរមិនទាន់មកដល់យ៉ាងណាក្តី ខ្ញុំសូមបួងសួងពីចម្ងាយ សូមឲ្យទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ជួយតាមបីបាច់ថែរក្សា លោកជំទាវ ថ្នាក់ដឹកនាំ និងសហការី នៃខេត្តប៊ិញភឿក ព្រមទាំង ប្រជាជនវៀតណាមទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ ។
នាឱកាសនោះដែរ គណៈប្រតិភូ នៃខេត្តសម្ព័ន្ធមេត្រី ក៏បានផ្ដល់នូវកាដូរ វត្ថុអនុស្សាវរីយ៍ ទៅវិញ ទៅមកផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។