ព័ត៌មានជាតិ

ម្តាយមីង​ប្តឹងឱ្យ​​ចាប់ខ្លួន​ក្មួយប្រុសពី​បទ​​ចេញ​សែក​ស្អុយ !!

(​ភ្នំពេញ) ៖ ក្មួយ​ប្រុស​ម្នាក់​ ត្រូវ​បាន​ម្តាយមីង​ប្តឹង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៣ ពាក់​ពន្ធ​សំណុំរឿង​បទ​.​រំលោ.ភ​លើ​ទំនុកចិត្ត ពោល​គឺ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ។

ជនសង្ស័យ​ឈ្មោះ ស៊ុ សូលី​ដា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ខាងលើ សមត្ត​កិច្ច​បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ ។

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​បាន​បញ្ជាក់​ថា បុគ្គល​ឈ្មោះ ស៊ុ សូលី​ដា ត្រូវ​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៣ ដើម្បី​សាកសួរ​ពី​ដំណើររឿង​.​រំលោ.ភ​លើ​ទំនុកចិត្ត ដោយ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពាក់​ព័ន្ធ​ចេញ​សែក​អត់​លុយ ។

ជនសង្ស័យ​ត្រូវ​បាន​តំណាង​អយ្យការ កំពុង​បើក​ការ​ស៊ើបសួរ​តាម​នីតិវិធី រហូត​ដល់​រសៀល​ថ្ងៃ​ទី​៦ ខែមេសា មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ។ អង្គហេតុ​នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​ស្ត្រី​ម្នាក់​អះអាង​ថា ជា​ម្តាយមីង​ដែរ​នោះ ដែល​បាន​ព្យាយាម​តាម​មក​មើល​ក្មួយ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ហើប​ឲ្យ​ដឹង​ថា ក្មួយ​គាត់​ជា​មនុស្ស​ល្អ​ណាស់ រឿង​ចាប់ខ្លួន​នេះ​គឺ​ផ្តើម​ចេញពី​រឿង​ចងការ​ប្រាក់ ដែល​ក្មួយ ស៊ុ សូលី​ដា បាន​ខ្ចី​លុយ​ពី​ម្តាយមីង​ម្នាក់​ទៀត​ «​ត្រូវជា​បងស្រី​គាត់​» ​តែ​មិនដឹង​ប៉ុន្មាន​ទេ ដើម្បី​យក​ទៅ​ធ្វើ​ដើមទុន​ប្រក​ម​មុខរបរ​រកស៊ី ។
Picture

ក្រោយមក​មុខរបរ​រកស៊ី​នោះ​ក៏​ខាតចុងខាតដើម មិន​បាន​បង្វិល​ប្រាក់​ទាន់​ពេលវេលា ឲ្យ​ទៅ​ម្តាយ​មីង​នោះ តែ​បាន​បង់ការ ប្រាក់​ជា​បន្តបន្ទាប់ ។ ក្នុង​ដំណាក់កាល​កំពុង​បង់ការ​ប្រាក់ ក្មួយ ស៊ុ សូលី​ដា បាន​ដាក់​ប្លង់​ដី​មួយ​កន្លែង មាន​តម្លៃ​ប្រហាក់ប្រហែល២​ម៉ឺន​ដុល្លា​អា​មេ​រិ​ក និង​បាន​ចេញ​មូលប្បទានប័ត្រ​មួយ​សន្លឹក តម្កល់​ឲ្យ​ម្ចាស់បំណុល​មានការ​ជឿ​ទុកចិត្ត ។ ប៉ុន្តែ​នៅ​ពេល​អត់​លុយ​បង់​តាម​កិច្ចសន្យា ក៏​ត្រូវ​ម្តាយមីង​យក​សែក​អត់​លុយ​នោះ​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ក្មួយ​គាត់​ពី​.​រំលោ.ភ​លើ​ទំនុកចិត្ត ពោល​គឺ​ពាក់​ព័ន្ធ​នឹង​ចេញ​«​សែក​ស្អុយ​» ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។