ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាជនបទេស និងជនជាតិខ្មែរសរុបចំនួន ៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅខេត្តកណ្តាល.!

(ភ្នំពេញ) ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចហាងខារ៉ាអូខេមួយកន្លែង ក្នុងភូមិព្រែកស៉ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ, ម៉ាឡេស៉ី, ឥណ្ឌូនេស៉ី និងវៀតណាម សរុបចំនួន៦នាក់ ដកហូតថ្នាំញៀនមួយចំនួន។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះថា អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រៀងញៀន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៉ំ ណារ៉ាក់ នាយកមន្ទីរ បានការសហការពីកម្លាំងនគរបាលខេត្តកណ្តាល និងមានកាសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចហាងខារ៉ាអូខេយីហោចន្ធូ ៩៩ ក្នុងភូមិព្រែកស៉ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់រួមមាន៖ ឈ្មោះ HNG Kok Guan ភេទប្រុស ជនជាតិម៉ាឡេស៉ី, ឈ្មោះ សារិន សុង ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ Le Lam Vu ភេទប្រុស ជនជាតិវៀតណាម, ឈ្មោះ Su Di Min ភេទប្រុស ជនជាតិឥណ្ឌូនេស៉ី, ឈ្មោះ Yanatan Panjaitan ភេទប្រុស ជនជាតិឥណ្ឌូនេស៉ី និងឈ្មោះ Jefri Huang ភេទប្រុស ជនជាតិឥណ្ឌូនេស៉ី។

ចំពោះវត្ថុតាងជាសារធាតុញៀនដែលចាប់យកបានរួមមាន៖ ម្សៅពណ៌ផ្កាឈូក ទម្ងន់ ១៣១.១៤ក្រាម, ថ្នាំគ្រាប់ពណ៌ទឹកសមុទ្រទម្ងន់ ៣២.៦៧គ្រាម, ក្រាមពណ៌សថ្លា ទម្ងន់ ៤៦.៤៩ក្រាម, ថ្នាំគ្រាប់ពណ៌បៃតង ទម្ងន់ ៥.៤៣ក្រាម, ក្រាមពណ៌ស ទម្ងន់ ៨.៤៩ក្រាម, ម្សៅពណ៌លឿង ទម្ងន់ ៥៦.៨៦ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល។

សូមជម្រាបថា ការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានធ្វើឡើងដូចភ្លៀងរលឹមនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចុះបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ពិសេសបទល្មើសជួញដូរគ្រឿងញៀនធំៗ។

បើតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងបទល្មើសគ្រឿងញៀន រយៈពេល៤ខែឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២៣៤៥ករណី ឃាត់ខ្លួនមនុស្ស ៥៥៧២នាក់ រឹបអូសថ្នាំញៀនបានជាង៣៦១គីឡូក្រាម៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។