ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំវិហារធំ

(កំពង់ចាម) ៖ នៅរសៀលថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់សៀម បានបន្តជួបសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅស្នាក់ការបក្សឃុំវិហារធំ ដែលមានអ្នកចូលរួមសរុប ៧៦នាក់ ស្រី ១៤នាក់។

បន្ទាប់បានស្តាប់របាយការណ៍ ឯកឧត្តមអនុប្រធានក្រុមការងារ បានណែនាំឱ្យមានការយកចិត្តទុកដាក់លើសំឡេងឆ្នោត កុំឱ្យមានតែតួលេខតែចំនួនបោះជាក់ស្តែងមិនគ្រប់ ដូច្នេះគណៈកម្មាធិការបក្ស ត្រូវគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ពិសេសដោះស្រាយបញ្ហាអ្នកចំណាកស្រុក តាមរយៈការសម្រួលការផ្ទេរជីវភាពបក្ស ដើម្បីអាចបោះឆ្នោតនៅនឹងកន្លែងតាមជាក់ស្តែង ចៀសវាងការបាត់សន្លឹកឆ្នោត។ យោងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ឯកឧត្តមសង្កត់ធ្ងន់ថា អ្នកមិនទៅបោះឆ្នោតឆ្នាំនេះ គឺនឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ នៅអាណត្តិក្រោយៗ នោះឡើយ។

មួយវិញទៀត គឺត្រូវគ្រប់គ្រងបែងចែកឱ្យបានច្បាស់លាស់រវាងអ្នកស្មោះស្ម័គ្រនឹងបក្ស និងអ្នកដែលមិនច្បាស់លាស់ ដោយត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ ជាពិសេសត្រូវធ្វើការពង្រឹងសមាជិកឱ្យទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងទាន់ពេលវេលា។ ប្រការសំខាន់ ត្រូវក្តាប់ឱ្យបានតួលេខចំនួន ៣ គឺទី១ តួលេខអ្នកទៅបោះឆ្នោត ទី២ គឺចំនួនអ្នកគាំទ្រ និងទី៣ ចំនួនសន្លឹកឆ្នោតខូចឬមិនបានការ។ ដូច្នេះដើម្បីទទួលបានជោគជ័យ សកម្មជនត្រូវជំរុញសមាជិកឱ្យទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវបង្រៀនសមាជិកពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ពិសេសមនុស្សចាស់ និងអ្នកមិនចេះអក្សរជាដើម។

ចំណុចសំខាន់មួយទៀត ក្រុមអ្នកអង្កេតការគណបក្សត្រូវពិនិត្យគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងតាមដានការរាប់សន្លឹកឆ្នោត និងត្រូវតវ៉ាការពារសន្លឹកឆ្នោតបានការរបស់យើង។

សូមជម្រាបជូនថា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំវិហារធំ បានរៀបចំចងក្រងគ្រប់គ្រង​សមាជិកគណបក្សតាមប្រព័ន្ធកុំព្យូទ័រ ដែលមានសមាជិកគណបក្សចំនួន ៣.៤៧៨នាក់ ស្រីចំនួន ១.៩៨៦នាក់ ក្នុងនោះផងដែរ គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំមានគ្រួសារបក្សចំនួន ១.៦១៨គ្រួសារ ក្រុមបក្សមានចំនួន ៣៥៧ក្រុមបក្ស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។