ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជារក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ វេទិកានេះរៀបចំឡើងនៅវិមានសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលថ្មី មានតួនាទីស្នូលការពារសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មី ក្នុងនោះរាជរដ្ឋាភិបាលហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់។ សម្តេចធិបតី បានបង្ហាញវឌ្ឍនភាពមួយចំនួនដែលរាជរដ្ឋាភិបាលសម្រេចបានរួមមាន៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល ដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨។ កាលពីថ្ងៃទី២៤ ខែតុលា រាជរដ្ឋាភិបាលដាក់ឱ្យមូលនិធិសមធម៌សុខាភិបាល ៤៩ម៉ឺនគ្រួសារ ស្មើជិត ២លាននាក់ ទទួលបានការពិនិត្យ និងព្យាបាលដោយមិនថ្លៃ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ដាក់ឱ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស។រៀបចំគណៈកម្មាធិការជាតិចំនួន៣ សម្រាប់កែទម្រង់រដ្ឋបាលសាធារណៈ វិស័យអប់រំ និងវិស័យសុខាភិបាល។ រៀបចំដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានកំណត់ឡើងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលយល់ច្បាស់អំពីបន្ទុកអនុលោមភាព ដែលវិស័យឯកជនតែងលើកឡើង។ ដូច្នេះរាជរដ្ឋាភិបាលនឹងលុបបំបាត់ និងកែសម្រួលលើអនុលោមភាពមួយចំនួន។ ប៉ុន្តែវិស័យឯកជនមិនមែនត្រូវតែមិនទទួលបន្ទុកអនុលោមភាពទាំងអស់នោះទេ។
សម្តេចធិបតីបានលើកទឹកចិត្តដល់វិស័យឯកជន អោយប្រឹងប្រែងដោះស្រាយបញ្ហាអនុលោមភាព ដោយមិនត្រូវចាត់ទុកបញ្ហាអនុលោមភាព ជារបាំងឧបសគ្គនោះឡើយ។ តែរាជរដ្ឋាភិបាល នឹងប្រឹងប្រែងដោះស្រាយបន្ទុកអនុលោមភាពមួយចំនួន។រាជរដ្ឋាភិបាលមិនខ្លាចនឹងបោះបង់ចំណូលមួយចំនួននោះឡើយ បើសិនការបោះបង់បង់នោះជួយសម្រួល និងគាំទ្រដល់វិស័យឯកជនបានលូតលាស់។

សម្តេចធិបតី បានមានប្រសាសន៍ទៀតថា វិស័យឯកជនបានលើកឡើងនូវបញ្ហាស្មុគស្មាញ និងការត្រួតគ្នា នៃបទដ្ឋានគតិយុត្តមួយចំនួន។ សម្តេចបានណែនាំឱ្យការតាក់តែងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ត្រូវមានការពិគ្រោះជាមួយវិស័យឯកជន ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយទុកអន្តរកាលយ៉ាងតិច៦ខែ មុននឹងអនុវត្តន៍។

សម្តេចបានថ្លែងថា ក្នុងមួយឆ្នាំក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចុះធ្វើអធិការកិច្ចរួមគ្នាតែម្តងគត់នៅតាមរោងចក្រ សហគ្រាស លើកលែងតែមានការប្តឹងផ្តល់ពីកម្មករ និយោជិត។ ក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្កើតពន្ធថ្មី ហើយពន្ធមានស្រាប់មិនដំឡើងអត្រាពន្ធនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកពន្ធលើអចលនទ្រព្យ អនុវត្តន៍នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ និងក្រុងទាំង២៧ នៅទូទាំងប្រទេស។ ដីមិនប្រើប្រាស់ដែលតម្រូវឱ្យបង់ពន្ធ គឺគិតចាប់ពីទំហំ ៥ហិកតាឡើងទៅ។ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍សេដ្ឋកិច្ច។ សម្តេចធិបតីបានថ្លែងថា ដំណាំ៥មុខទៀត មិនជាប់ពន្ធរួមមាន៖ មៀនប៉ៃលិន ស្វាយ វារីវប្បធកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងក្នុងស្រុក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ទៀតថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ខណៈក្រុមហ៊ុនចិនមួយទៀត គ្រោងវិនិយោគលើការផលិតសំបកកង់រថយន្តនេះទៀត ជាមួយទុនប្រមាណ ៥០០លានដុល្លារ។
វត្តមានរោងចក្រផលិតសំបកកង់រថយន្តទាំងនេះ បានជួយដល់ការដាំដំណាំកៅស៊ូនៅកម្ពុជា។សម្តេចធិបតីបានប្រកាសថា រដ្ឋមិនចង់ដើរតួជាប៉ូលិសជាមួយវិស័យឯកជននោះទេ តែរដ្ឋចង់ធ្វើជាអ្នកគាំទ្រ។ សម្តេចធិបតីក៏បានប្រកាសឲ្យក្រសួងសាធារណការ សិក្សាត្រួតពិនិត្យ ដើម្បីកែសម្រួលច្បាប់កំណត់ទម្ងន់ដឹកពី៤០ ទៅ៤៥តោន។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនអាចបញ្ចុះតម្លៃពន្ធសម្រាប់ការនាំចូលឡានដឹកទំនិញនោះទេ។ រាជរដ្ឋាភិបាល សម្រេចដាក់ចេញយុទ្ធសាស្ត្រ​ទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។សម្តេចក៏បានលើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ហើយមិនត្រូវប្រកួតនឹងគ្នាឯងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងជូនវិស័យទេសចរណ៍នៅសៀមរាប និងឥណទានសម្រាប់អចលនទ្រព្យ។សម្តេចក៏បានលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគាររៀបចំឡើងវិញ ចំពោះអ្នកទិញដីធ្លីផ្ទះសម្បែងដែលរងផលប៉ះពាល់ដោយសារសេដ្ចកិច្ច។​សម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីយន្តការអនុគ្រោះដល់អ្នកវិនិយោគជនបរទេស អាចទទួលបានទិដ្ឋាការរយៈពេលយូរ។

សម្តេចធិបតីក៏បានប្រកាសយន្តការពិសេសដល់ជនបរទេស មានសិទ្ធជួលអចលនទ្រព្យមានរយៈពេលយូរពី១៥ ដល់ ៥០ឆ្នាំ និងមានសិទ្ធិបន្ត៥០ឆ្នាំទៀត។សម្តេចក៏បានណែនាំឱ្យក្រសួងពាក់ព័ន្ធខិតខំជំរុញវិធានការដែលបានដាក់ចេញខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។