ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភដល់សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាព!

(ភ្នំពេញ) ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសជួយឧបត្ថម្ភដល់យុវជន សិស្សនិទ្ទេស A អន ផានិត មានឪពុកម្តាយពិការភាពរបស់នៅខេត្តកំពត។

តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ ឯកឧត្តម សេង ទៀង ជំនួយ​ការ​​ផ្ទាល់​របស់សម្ដេច សហការជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវរៀប​ចំ​ជា​ពីរ​​របៀប គឺទី១ ត្រូវយកយុវជន អន ផានិត ឡើងមករាជធានីភ្នំពេញ ហើយ​រក​មហា​វិទ្យាល័យ​ណាមួ​យដែ​លយុវជនរូបនេះចង់រៀន ដើម្បីឱ្យបន្តការសិក្សា និងរៀបចំកន្លែងស្នាក់នៅ ជាមួយ​ក្រុម​​អង្គ​រក្សរបស់សម្ដេចតែម្ដង។ សម្ដេចណែនាំឱ្យមានការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សា និងហូប​ចុក​សម្រាប់ ផានិត ជាប្រចាំខែផងដែរ ក្នុងនោះសាលារៀន​ដែល​យុវជន​រូប​នេះ​ចង់​សិក្សា​បន្ត​អាច​ស្នើ​សុំចូល​សិក្សានៅមហាវិទ្យាល័យនោះតែម្ដង។

ក្រៅពីនេះ សម្ដេចតេជោ ក៏បានណែនាំឱ្យគិតគូរដល់ ក្រុមគ្រួសារឪពុកម្ដាយរបស់ យុវជន ផានិត ផងដែរ។ ក្នុងនោះមានដូចជាការជួយសងប្រាក់ដែលធ្លាប់ជំពាក់គេ និងសាងសង់​ផ្ទះ​ដែល​សម​ល្មម​ សម្រាប់ក្រុមគ្រួសាររបស់យុវជនរូបនេះបានស្នាក់នៅសមរម្យផងដែរ។ ក្រៅពីនោះ​ក៏​ត្រូវ​ផ្គត់​ផ្គង់​ដល់​ក្រុមគ្រួសារ ផានិត ក្នុង ១ខែ ចំនួន ១លានរៀល។

សូម​ជម្រាបថា យុវជននិទ្ទេស A អន ផានិត សិក្សានៅវិទ្យាល័យ សម្ដេចជាស៊ីម អង្គរជ័យ ខេត្ត​កំពត មានឪពុកម្តាយជាជនមានពិការភាព។

យុវជនរូបនេះជាកូនប្រុសច្បងម្នាក់ក្នុងចំណោមបងប្អូន ២នាក់ មានឪពុកម្តាយជាជនពិការ ខណៈដែលម្តាយមានត្រឹមតែមុខរបរកាត់ដេរតូចមួយនៅផ្ទះ ដើម្បីចិញ្ចឹមកូនផ្គត់ផ្គង់រៀនសូត្រ ពេលខ្លះគ្មានសូម្បីតែ ៥០០រៀលឱ្យកូនទៅរៀន ប៉ុន្តែមានសាច់ញាតិផ្សេងជួយទំនុកបម្រុងខ្លះ ហើយពេលខ្លះយុវជនរូប នេះបានត្រឹមញាំបាយជាមួយទឹកត្រី និងម្ហូបតិចតួចប៉ុណ្ណោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។