ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខក្រុមជនសង្ស័យ ដៃឆៅកាប់ប្លន់យ៉ាងសាហាវ ចំនួន ៦នាក់ “

(ភ្នំពេញ) ៖ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្រុមជនសង្ស័យ ដៃឆៅ កាប់ប្លន់យ៉ាងសាហាវ ចំនួន ៦នាក់ ដែល បានធ្វើសកម្មភាពយ៉ាងសកម្ម ចំនួន ២៦ករណី ត្រូវបានប៉ូលិសនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បង្ហាញមុខឱ្យអ្នកកាសែតថតផ្សព្វផ្សាយ ។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ សុខ តុលា ភេទ ប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទ ប្រុស អាយុ ១៨ឆ្នាំ មានលំនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅមិនច្បាស់លាស់ ដោយស្នាក់នៅតាមផ្ទះសំណាក់ចល័ត ក្នុងរាជធានីភ្នំពេញ ,៤-ឈ្មោះ អេង សំណាង ហៅ ចយ ភេទ ប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅមិនច្បាស់លាស់ ស្នាក់នៅតាមផ្ទះសំណាក់ចល័ត ក្នុងរាជធានីភ្នំពេញ ៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និង៦-ឈ្មោះ លី ហៃ ហៅ ហ៊ួ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ វៀតណាម មានទីលំផ្ទះជួល តាមផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ទិញលក់ម៉ូតូ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ អោយកម្លាំងគរបាលជំនាញព្រហ្មទណ្ឌ បានធ្វើការស្រាវរយៈពេលប្រមាណ ៣ខែ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យ កា.ប់ប្ល.ន់ ជាបន្តបន្ទាប់ចំនួន ៦នាក់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងនោះ មានជនដៃដល់ចំនួន ៥នាក់ និងម្នាក់ ជាអ្នកទទួលផលចោរកម្ម ហើយដកហូតបានម៉ូតូចំនួន ១០គ្រឿង។ នៅប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ក៏មានការចូលរួមសហកកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល, កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ,សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ,សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយខេត្តកំពង់ធំផងដែរ។
ជនសង្ស័យ ជាមុខសញ្ញាកា.ប់ប្ល.ន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងយកកាំបិតប៉័ងតោ កា.ប់ជនរងគ្រោះប្លន់យកម៉ូតូ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ២៦ ករណី ក្នុងខណ្ឌ ចំនួន៦ ដែលក្នុងនោះ ១.មូលដ្ឋានខណ្ឌសែនសុខ ចំនួន ០៥ករណី បណ្តាលអោយ ជនរងគ្រោះម្នាក់ឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុងសង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លា.ប់បាត់បង់ជីវិត។ ២.នៅក្នុងមូលដ្ឋានខណ្ឌដង្កោចំនួន ១១ ករណីបណ្តាលអោយជនរងគ្រោះមានរបួសទាំងអស់ ៣-មូលដ្ឋានខណ្ឌកំបូលចំនួន ០៣ ករណី ៤.ខណ្ឌព្រែកព្នៅ ចំនួន០៣ ករណី ៥.ខណ្ឌមានជ័យចំនួន ០១ ករណី និង៦-ខណ្ឌពោធិសែនជ័យចំនួន ០៣ករណី។
សមត្ថកិច្ច ដកហូតវត្ថុតាងចាប់យកម៉ូតូចំនួន ១០គ្រឿង ក្នុងនោះ ម៉ូតូជិះធ្វើសកម្មភាព ២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន ៨គ្រឿង ។
ជនសង្ស័យ និងវត្ថុតាងនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ:ព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។