ព័ត៌មានជាតិ

អាជីវករដឹកបន្លែថា: មន្ត្រីគយខេត្តកំពត ដាច់ដាបណាស់គ្រាន់តែដឹកបន្លែក្នុងស្រុកចែកចាយតាមទីផ្សារ ក៏ត្រូវបង់លុយ១ឡាន៥០០០រៀល មិនលើកលែងដែរ

(កំពត) ៖ អជីវករដឹកបន្លែដែលទិញពីប្រជាកសិករក្នុងស្រុក នៃខេត្តកំពត​ បានឲ្យដឹងថា រាល់ពេលដែលគាត់ដឹកបន្លែឆ្លងកាត់មូលដ្ឋានក្រុងកំពត ចាំបាច់ត្រូវតែបង់ប្រាក់ឲ្យមន្ត្រីគយដែលប្រចាំការ នៅស្នាក់ការចំនួន៥ពាន់រៀលដោយមិនខកខាន។ ប៉ុន្តែថ្មីៗនេះដោយសារក្នុងហោប៉ៅគ្មានប្រាក់ ទាំងពីរនាក់ប្ដីប្រពន្ធក៏បង្ហួស ទីកន្លែងដែលត្រូវបង់ប្រាក់ឲ្យលោកគយ នៅកណ្ដាលក្រុងកំពតនោះ ស្រាប់តែមន្ត្រីគយចេញរថយន្ត ដេញប្រផាប់ចាប់ប្រភីងហើយនាំរថយន្តដឹកបន្លែ ត្រឡប់មកស្នាក់ការគយដោយផាកពិន័យជាប្រាក់១០ម៉ឺនរៀល។ មើលទៅមន្ត្រីគយនោះ ហាក់ដូចជាដាច់ដាបខ្លាំងណាស់។ នេះត្រូវគេមើលឃើញថា មិនមែនជាវិធានការដើម្បីប្រមូលប្រាក់បំពេញហិបថវិកាជាតិទេ ប៉ុន្តែជាការប្រឹងប្រមូលដើម្បីធ្វើមានបានផ្ទាល់ខ្លួន របស់ពួកមន្ត្រីគយនេះឯង។

បុរសអ្នកដឹកបន្លែនិយាយ នៅមុខស្នាក់ការគយក្រុងកំពតថា ជាធម្មតាគាត់តែងតែបង់ប្រាក់ជូនមន្ត្រីគយជារៀងរាល់ថ្ងៃក្នុង១ជើង៥ពាន់រៀល។ ប៉ុន្តែថ្ងៃនេះមិនមានប្រាក់នៅក្នុងហោប៉ៅក៏សម្រេចចិត្តថា បង្ហួស១ជើងសិនទៅ។ បានតែបន្តិច ស្រាប់តែរថយន្តមន្ត្រីគយតាមដេញហៅមកស្នាក់ការគយវិញ ដោយផាកពិន័យជាប្រាក់១០ ម៉ឺនរៀល។ មន្ត្រីគយអះអាងថា បើបន្លែទាំងនោះពិតជាក្នុងស្រុកប្រាកដមែនគាត់ មិនយកលុយសូម្បី១រៀល។ លោកគយបាននិយាយថា វាជាបន្លែមានជាតិគីមីដែលនាំចូលពីប្រទេសវៀតណាម។ ដូច្នេះ គយទារ១ជើង៥ ពាន់រៀល គឺតិចតួចនិងជាការយោគយល់ចំពោះអ្នករកស៊ីតូចតាចនោះផង។

បន្លែដឹកតាមរថយន្តសាំយ៉ុងនោះ ត្រូវបានទិញពីប្រជា ពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីយកមកបោះឲ្យម៉ូយតាមផ្លូវនិងតាមផ្សារខ្លះ សម្រាប់អ្នកផងមិនចូលចិត្ត ឬ មិនទទួលទានបន្លែដែលនាំចូល។ ច្បាស់ណាស់ថា វាជាបន្លែដែលម្ចាស់រថយន្តសាំយ៉ុង ជួនកាលវិនិយោគដោយទឹកប្រាក់បន្តិចបន្តួចទៅឲ្យអ្នកដាំបន្លែជាមុន ហើយប្រមូលយកបន្លែដែលដាំនោះមកបោះឲ្យម៉ូយនៅតាមទីតាំងនានា។ សម្រាប់មន្ត្រីគយខេត្តកំពត មើលឃើញថា វាជាបន្លែដែលនាំចូល ដែលចាំបាច់ត្រូវតែបង់ប្រាក់ឲ្យគយក្នុង១ជើង៥ពាន់រៀល។ ១ជើង៥ពាន់រៀល បង់ឲ្យគយគឺជាការយោគយល់ធ្ងន់ណាស់ទៅហើយ។

ដំណោះស្រាយចំពោះករណីខាងលើ មន្ត្រីគយ១រូបដែលចេញមកដេញចាប់រថយន្តដឹកបន្លែខាងលើនោះនិយាយថា ម្ចាស់រថយន្តដឹកបន្លែ ត្រូវធ្វើយ៉ាងណាដើម្បីបញ្ជាក់ថា បន្លែដែលដឹកតាមរថយន្តសាំយ៉ុងនេះ គឺជាបន្លែក្នុងស្រុក។ ពោលគឺត្រូវមានការបញ្ជាក់ពីមេឃុំដើម្បី ឲ្យប្រាកដថាមបន្លែនេះពិតជាបន្លែដែលដាំក្នុងស្រុក ពិត ប្រាកដមែន។ បើពិតជាបន្លែក្នុងស្រុកពិតប្រាកដមែននោះ លោកមិនយក៥ពាន់រៀលនោះទេ។ លោកថា បើបន្លែដាំដុះក្នុងស្រុកសូម្បី ១រៀល ក៏គយមិនយកដែរ។

មតិជាច្រើនបានលើកឡើងរិះគន់ចំពោះគយ ខេត្តកំពតដែលឃ្លានលេបត្របាក់លុយ៥ពាន់រៀល ដែលច្បាស់ណាស់ថា លុយ៥ពាន់រៀលនោះគឺដើម្បីជាចំណែកផ្ទាល់របស់ពួកមន្ត្រីគយ មិនមែនសម្រាប់លើកស្ទួយសេដ្ឋកិច្ចជាតិអ្វីនោះឡើយ។ គេឆ្ងល់ថា តើសេវាលុយ៥ពាន់រៀលនោះថ្លៃអ្វី? ប្រសិនបើបន្លែនោះត្រូវបាននាំចូលពីប្រទេសវៀតណាម តើមន្ត្រីគយមានសិទ្ធិត្រឹមតែប្រដេញរថយន្តដឹកបន្លែយកប្រាក់ទេឬ? ពិតហើយ ! មន្ត្រីគយមិនមាន សមត្ថកិច្ចអ្វីទៅពិនិត្យគុណភាពបន្លែនោះទេ គឺគយគេដឹងតែពីយកលុយប៉ុណ្ណោះ។ អ្វីដែលលោកគយ ខេត្ត កំពតកំពុងធ្វើជាក់ស្ដែងនៅពេលនេះ គឺមិនខ្វល់អំពីមហន្តរាយសុខភាពប្រជាពលរដ្ឋនោះឡើយ។ ផ្ទុយទៅ វិញទឹកប្រាក់៥ពាន់រៀល គឺជាការជោគយល់សម្រាប់អ្នក រកស៊ីដឹកបន្លែពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាទៅវិញ។ មិនតែប៉ុណ្ណោះទឹកប្រាក់៥ពាន់រៀល គឺជាការ យោគយល់ និងគុណសម្បត្តិដ៏ធំរបស់ មន្ត្រីគយខេត្តកំពត ចំពោះឈ្មួញរកស៊ីដឹកបន្លែពីប្រទេសវៀតណាមមកលក់ឲ្យប្រជាពលរដ្ឋខ្មែរ។

ករណីនេះគួរតែមានការស៊ើបអង្កេត ឲ្យច្បាស់លាស់ពី សំណាក់អាជ្ញាធរខេត្តកំពតក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន, លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពត ដើម្បីឲ្យប្រាកដថា តើទំនិញបន្លែបែបណាដែលត្រូវបង់ប្រាក់ជូនមន្ត្រីគយ និងជាពិសេសតើការបង់ប្រាក់៥ពាន់រៀល នោះ ក្នុងបុព្វហេតុអ្វី ឬជាការលូកដៃសុំលុយពីមន្ត្រីគយ ដើម្បីសន្សំដាក់ក្នុងហោប៉ៅខ្លួនឯងឬ មន្ត្រីគយនោះក្រជាងអ្នកបើករថយន្តសាំយ៉ុងដឹកបន្លែ? ដូច្នេះគេរំពឹងថា ថ្នាក់ដឹកនាំខេត្តកំពត ក៏ដូច ជាមេគយខេត្តកំពតពិនិត្យរឿងនេះឡើងវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។