ព័ត៌មានជាតិ

បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីខួបលើកទី២៥ នៃការបង្គាប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងពិធីខួបលើកទី២៥ នៃការបង្គាប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នឹងមានរៀបចំប្រារព្ធពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតក្នុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការរៀបចំពិព័រណ៍សមិទ្ធផល និងម្ហូបអាហារខ្មែរ ប្រគំតន្ត្រី និងអុជកាំជ្រួចអបអរសាទរផងដែរ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នដូចខាងក្រោម៖

១- ក្នុងអំឡុងការប្រារព្ធពិធីខាងលើនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មិនអនុញ្ញាតឱ្យយានជំនិះ គ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធីប្រហែលវេលាម៉ោង ១១:០០នាទី។ ក្រោយពេលចប់ពិធី យានជំនិះអាចចរាចរជាប្រក្រតី ដោយមានសមត្ថកិច្ចនៅតាមគោលដៅជួយ សម្របសម្រួលចរាចរជូន។

២- ចាប់ពីម៉ោង ១៤:០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣តទៅ ពិធីខាងលើនឹងបើកជូនសាធារណៈជន ចូលរួមទស្សនា ហើយយានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះដូច ប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថី ខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទ ដូចបានជម្រាបជូនដោយអនុគ្រោះ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌ ឫស្សីកែវ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។