(សៀមរាប) ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ បានថ្លែងថា “ខ្ញុំមានសេចក្តីសប្បាយរីករាយដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស”។
សម្ដេចធិបតី បានថ្លែងបន្តថា កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩ រៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមអរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។
បន្ថែមពីនេះ សម្ដេចធិបតី សូមអរគុណពិសេសចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជាមិត្តបរទេសដែលបានចូលរួមនៅក្នុងកម្មវិធីនេះយ៉ាងច្រើនកុះកុះករ៕