ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងធ្វើតេស្តសាកល្បងពីសម្ថភាពរបស់សិក្ខាកាមនគរបាលជាតិ វគ្គបំប៉នជំនាញកុំព្យូទ័រផ្នែករដ្ឋបាលដែលសិក្សារយ:ពេលខ្លី នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ។ ក្នុងពិធីនេះដែរដោយទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម លាត ភិរុណ អភិបាលរងខេត្តព្រៃវែងព្រមទាំងលោកស្នងការរង លោកនាយការិយាល័យបណ្ដុះបណ្ដាល លោកគ្រូអ្នកគ្រូបង្គោលជាច្រើននាក់ផងដែរ។
គួរបញ្ជាក់ថា សិក្ខាកាមជានគរបាលចំនួន ១០០នាក់ ដែលត្រូវបានជ្រើសរើសមកពីតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ និងតាមបណ្ដាការិយាល័យជំនាញទាំង ៣០ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីពង្រឹងចំណេះជំនាញលើការប្រើប្រាស់កុំព្យូទ័រ និងរដ្ឋបាល គ្រប់មន្ត្រីនគរបាលទាំងអស់ត្រូវតែចេះប្រើប្រាស់កុំព្យូទ័រ និងរដ្ឋបាលជាដាច់ខាត ព្រោះបច្ចុប្បន្ននេះសម័យប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនជឿនលឿន ទាន់សម័យនិងត្រូវការប្រើប្រាស់ជាចាំបាច់បំផុត ៕