ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ខណៈព្រឹត្តិការណ៍ ប្រណាំងទូកនៅថ្ងៃទី១៧ ខែតុលានេះ មាន៥៩ទូកចូលរួមប្រកួតដណ្តើមជ័យលាភី

(កំពង់ចាម) ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រី ពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនកីឡាករទូក និង បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ខណៈព្រឹត្តិការណ៍ប្រណាំងទូកនៅថ្ងៃទី១៧ ខែតុលា នេះ មាន៥៩ទូកចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភី ថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំ ពិធីប្រណាំងទូកថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ក៏ ដូចជាកងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដោយរៀបចំទុកដាក់រថយន្តឱ្យ បានត្រឹមត្រូវ ធ្វើយ៉ាងណាកុំឱ្យមាន ការកកស្ទះ ក្នុងនោះកម្លាំងឈរជើងនៅតាមគោលដៅ ត្រូវ យល់ដឹងអំពីតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបំពេញកាតព្វកិច្ច និងអនុវត្តនូវកិច្ចអន្តរាគមន៍នានា នៅពេលមានបទបញ្ជា ។ ក្រៅពីនោះត្រូវ យកចិត្តទុកដាក់លើបញ្ហាកន្លែងស្នាក់នៅរបស់កីឡាករអុំ ទូក ចៀសវាងមានជនឆ្លៀតឱកាសចូលបង្កបញ្ហា ពោលគឺត្រូវរៀបចំផែនការការពារសន្តិសុខ ធ្វើ យ៉ាងណាឱ្យបងប្អូនចំណុះទូកទាំងអស់មាន សុវត្ថិភាព និងស្នាក់នៅបានសមរម្យ ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំថា ចំពោះកម្លាំងល្បាត ត្រូវប្រើប្រាស់កម្លាំងអាវុធហត្ថ និងនគ បាលអន្តរាគមន៍ ដោយប្រើប្រាស់ចិត្តសាស្ត្រក្នុងការដើរល្បាត ធ្វើយ៉ាងណាត្រូវក្ដាប់មុខសញ្ញាឱ្យ បាន កុំឱ្យមានករណីលួច ករណីលូកហោប៉ៅ ឬករណីចោរកម្មផ្សេងៗកើតឡើង ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ ក្នុងការបង្កើតទីតាំងប្រមូលផ្តុំព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយ ក្នុងករណីបាត់ ក្មេង ឬបាត់របស់របរផ្សេងៗ បន្ទាប់ពីមានប្រជាពលរដ្ឋ បានរាយការណ៍ដល់សមត្ថកិច្ចនោះ ៕

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងប្រាប់ដល់មន្ត្រីពាក់ព័ន្ធ ឱ្យ ធ្វើការផ្សព្វផ្សាយណែនាំដល់ក្រុមកីឡាករអុំទូកទាំងអស់ ត្រូវគោរពវិន័យដោយស្តាប់តាមការ រៀបចំរបស់គណៈកម្មការបច្ចេកទេស និងគោរពម៉ោងពេលវេលា ព្រមទាំងស្លៀកពាក់ ឯកសណ្ឋានឱ្យបានស្អាតត្រឹមត្រូវគ្រប់ៗគ្នាផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *