(កំពង់ចាម) ៖ ព្រឹកថ្ងៃអាទិត្យ ១៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរូមអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ អញ្ជើញចុះជួប សំណេះសំណាល សួសុខទុក្ខ និងផ្តល់ជូននូវសម្ភារៈ ទ្រទ្រង់ដល់កុមារកំព្រា ខេត្តកំពង់ចាម ដែលជាអំណោយមនុស្សធម៌ របស់ក្រុមការងារឯកឧត្ដម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ។
បច្ចុប្បន្ន មជ្ឈមណ្ឌលនេះស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋបាលខេត្តកំពង់ចាម។ ហើយកម្មវិធីនាពេលនេះ គឺជាការចូលរួមចែករំលែកជាមួយរដ្ឋបាលខេត្ត និងបន្ថែមការគាំទ្រ ដល់មជ្ឈមណ្ឌល ជួយលើការខ្វះខាតផ្សេងៗទៀត។
នេះជាលើកទី២ហើយ ដែល ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បាននាំក្រុមគ្រួសារ និងក្រុមការងារ មកជួបសំណេះសំណាល សួរសុខទុក្ខ ស្តាប់ពីការខ្វះខាត និងសំណូមពររបស់ក្មួយៗ និងលោកគ្រូ អ្នកគ្រូ។
អំណោយនាថ្ងៃនេះ រួមមានកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ តុ និងកៅអីកុំព្យូទ័រ កង់ មី ត្រីខ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត ដោយឡែកយើងនឹងបន្តឧបត្ថម្ភអង្ករជារៀងរាល់ខែ។
បន្ថែមពីនេះ ឯកឧត្តម និងលោកជំទាវ បានសម្រេចជួសជុលអាគារស្នាក់នៅសិស្សប្រុស អគារស្នាក់នៅសិស្សស្រី អគារស្នាក់នៅម៉ែដោះ បន្ទប់ទឹក និងបង្គន់។
ក្រៅពីការជួយឧបត្ថមជ្ឈមណ្ឌលកុមារកំព្រា ខ្ញុំនិងក្រុមគ្រួសារ ក៏បានជួយឧបត្ថម្ភដល់វិទ្យាល័យអប់រំពិសេស(កុមារគថ្លង់) ក្នុងខេត្តកំពង់ចាម ផងដែរ នាពេលកន្លងមក ហើយម្សិលមិញនេះ ឯកឧត្តមបានចាត់ឲ្យក្រុមការងារនាំយកនូវសម្ភារៈបន្ថែមរួមមាន កុំព្យូទ័រចំនួន១០គ្រឿង ព្រីនធ័រចំនួន២គ្រឿង និងទឹកថ្នាំព្រីនធ័រមួយចំនួនទៀត រួមជាមួយការឧបត្ថម្ភអង្ករចំនួន ០២ តោន ជារៀងរាល់ខែ។
ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បានសន្យាបន្តចូលរួមចែករំលែកជាមួយរដ្ឋបាលខេត្តកំពង់ចាម និងរាជរដ្ឋាភិបាល ជួយដល់មជ្ឈមណ្ឌលកុមារកំព្រា និងក្មួយៗ នៅវិទ្យាល័យអប់រំពិសេស ដើម្បីចែករំលែកនូវការលំបាក ការលើកទឹកចិត្ត និងរួមគ្នាដើម្បីអនាគតប្អូនៗកាន់តែប្រសើរឡើង៕