(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋថា កុំមានការបារម្ភ និងភ័យក្លាយបាត់បង់ខេត្តចំនួនបួនរបស់កម្ពុជាក្នុងកិច្ចសហ ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV DTA នោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី០៦ ខែសីហា នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជឿជាក់លើរាជរដ្ឋាភិបាល ដោយកុំព្រួយបារម្ភអំពីផលប៉ះពាល់នៃខេត្តទាំងបួន គឺខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដែលស្ថិតក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ថា ត្រូវបានកាត់ឱ្យប្រទេសណាឱ្យសោះ ខណៈកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ផលប្រយោជន៍រួម សម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺពលរដ្ឋដែលកំពុងរស់នៅទីនោះតែម្តង ។
ទន្ទឹមនោះផងដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរថា ដើម្បីចៀសវាង ការយល់ច្រឡំ និងជឿតាមការញុះញង់របស់ជនជ្រុលនិយមួយក្តាប់តូច សម្តេចបានអំពាវនាវឱ្យជនរួម ជាតិទាំងអស់ដែលមានលទ្ធភាព អាចអញ្ជើញទៅទស្សនា និងដើរលេងកម្សាន្តនៅខេត្តទាំងបួននេះ នៅពេលរដូវភ្ជុំបិណ្យ ចូលឆ្នាំ ឬបុណ្យសម្រាករបស់ជាតិនានា ជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ធានាអះអាងថា គ្មានប្រទេសណាមួយ អាចមកលេបទឹកដីខេត្តទាំងបួនរបស់កម្ពុជា ដោយសារតែកិច្ចសហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍នេះឡើយ ហើយសម្តេចក៏មិនចេះតែនិយាយ និងនាំប្រពន្ធកូនរត់ចោលស្រុក ដូចអ្នកខ្លះ នោះដែរ ជាពិសេសគឺក្រុមជ្រុលនិយមនេះតែម្តង ៕