(បាត់ដំបង) ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលខំជិះម៉ូតូស្កាត់តាំងពីខេត្តបាត់ដំបង ទៅទស្សនាមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរៀបចំនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ការផ្ដល់អំណោយរបស់សម្ដេចធិបតី និងលោកជំទាវ គឺបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី បានឃើញវីដេអូដែលបង្ហោះដោយអ្នកលេងបណ្ដាញសង្គម អំពីសកម្មភាព និងចំណាប់អារម្មណ៍របស់លោកតា លោកយាយ ដែលខំជិះម៉ូតូតាំងពីខេត្តបាត់ដំបង ដើម្បីបានឃើញព្រឹត្តការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដោយផ្ទាល់ភ្នែក។
ក្នុងវីដេអូដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក លោកតា លោកយាយ ឱ្យដឹង គាត់បានជិះម៉ូតូមួយគ្រឿង ធ្វើចេញពីខេត្តបាត់ដំបងតាំងតែពីម៉ោង៥ទាបភ្លឺ ថ្ងៃទី០៤ ខែសីហា។ ក្រោយធ្វើដំណើរជាច្រើនម៉ោង គាត់បានទៅដល់ ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅម៉ោងប្រមាណ១ថ្ងៃ រួចក៏សម្រាកនៅក្បែរទីតាំងពិធីមួយយប់ ដើម្បីឱ្យបានឃើញមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះដោយផ្ទាល់ភ្នែក។
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវទី១ ត្រូវបានលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាំយកប្រគល់ជូនលោកតានិងលោកយាយ នៅត្រង់ចំណុចរង្វង់មូលតាដំបងក្រញូង។
គួរឱ្យដឹងថា ឈ្មោះ សាត ឈឿន អាយុ៦៦ឆ្នាំ ជាអតីតមេភូមិស្វាយបីដើម ក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨) និងលោកយាយឈ្មោះ ប៊ុន សាមី អាយុ៦២ឆ្នាំ បច្ចុប្បន្ននៅភូមិស្វាយបីដើម ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង៕ដោយព្រំ ហន!