ព័ត៌មានជាតិ

គ្រោះធម្មជាតិបន្តវាយលុកច្រាំងទន្លេនៅឃុំពាមកោះស្នា បន្ទាប់ពីសុខសាន្តអស់រយៈពេលជាច្រើនឆ្នាំ

(កំពង់ចាម) ៖ បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានស្រុកស្ទឹងត្រង់ នៅរសៀល​ ថ្ងៃទី​៧​ខែសីហា​ ឆ្នាំ​២០២៤​ នេះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យ​ស្ថានភាព​បាក់ស្រុត​ច្រាំងទន្លេនៅចំណុចភូមិពាមក្រៅ​ ឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង។

ជាវិធានបន្ទាន់ដើម្បីរំសាយក្តីកង្វល់របស់អ្នកភូមិពាមក្នុង ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យប្រធានមន្ទីរធនធានទឹក​ និងឧត្តុនិយម​ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ សំដៅធ្វេីយ៉ាងណា​ទប់ស្កាត់​ការបាក់ស្រុតច្រាំងជាបន្ត ដោយតម្រូវឲ្យប្រើបាវខ្សាច់​ខ្នាតយក្ស ឬចាក់ថ្មទប់បន្ថែមដើម្បីគ្រិះរឹងមាំនៃច្រាំងទន្លេ ខណៈ​គ្រោះមហន្តរាយធម្មជាតិបាននិងកំពុងកើតឡើងឥតឈប់ឈរ។

គួរបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០១៩ ចំណុចខាងលើនេះ ក៏ធ្លាប់បានរងការបាក់ស្រុត ហើយអាជ្ញាធរខេត្ត បានធ្វើការសហការជាមួយក្រសួងធនធានទឹក និងអង្កភាពពាក់ព័ន្ធ បានដាក់បាវខ្សាច់ខ្តាតយក្ស និងចាក់ថ្មទប់តាមច្រាំងទន្លេនៅចំណុចនេះជាច្រេីនធ្វើឲ្យគ្រឹះច្រាំងទន្លេមានភាពរឹងមាំជាច្រើនឆ្នាំ។ ប៉ុន្តែឆ្នាំនេះដោយស្ថានភាពអាកាសធាតុទឹកភ្លៀងមានការប្រែប្រួលផង​ ទឹកទន្លេបន្តហក់ឡេីង​ ហេីយកន្លែងខ្លះបន្តស្រុតបាក់ដីភូមិរបស់អ្នកស្រុកបន្ថែមទៀត ដូច្នោះអាជ្ញាធរខេត្ត និងមន្ត្រីជំនាញបន្តរកវិធានការបង្ការ ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេនេះ ដើម្បីភាពសុខសាន្តរបស់ប្រជាជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *