ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំពលរដ្ឋដាច់ខាត កុំឱ្យខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ

(ភ្នំពេញ) ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋ “ដាច់ខាត កុំឱ្យខ្ចីប្រាក់តាមប្រព័ន្ធអនឡាញឱ្យសោះ បើសិនជាមានករណីនេះកើតឡើងហើយ សូមកុំសងតែម្ដង បើមានការរករឿងណាមួយ ត្រូវប្តឹងមកសមត្ថកិច្ចភ្លាមៗ”។

 

ការលើកឡើងបែបនេះ របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

 

ក្នុងនោះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់។

 

ទោះយ៉ាងណាក៏ដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត បានពន្យល់ណែនាំបែងចែកឱ្យដាច់ពីគ្នារវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គលដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *