ព័ត៌មានជាតិ

ពីធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងព្រះសីហនុ និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ពីធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង លោកអិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ តំណាងមន្ទីរ អង្គភាព និងចៅសង្កាត់។

តាមសេចក្តីប្រកាស ស្តីពីការតែងតាំងមន្ត្រីរាជការលេខ ៧៨៩៧ប្រក សម្រេចតែងតាំងមន្ត្រីរាជការ លោក ទៀង វណ្ណារិទ្ធ ជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងលោក ឃន ម៉ន ជានាយករដ្ឋបាលសាលាក្រុងព្រះសីហនុ។

លោក ឡុង ឌីម៉ង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើលោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែង ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលក្រុងឱ្យទទួលជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរ មានបន្តវេនប្រកបដោយសក្តានុពលពោរពេញដោយសមត្ថភាព និងថាមពលក្នុងការដឹកនាំ និងគ្រប់គ្រងជាដើម។

លោក អភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះរដ្ឋបាលក្រុងព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គម ស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ ដែលកន្លងមកបានចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដែលជាការរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រុងព្រះសីហនុ ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈនានា និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ប្រកបដោយភាពជាម្ចាស់ និងស្មារតីទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការគោរពឱ្យខ្ជាប់ខ្ជួននូវតួនាទី និងភារកិច្ចរបស់ខ្លួនមានទំនួលខុសត្រូវខ្ពស់ និងប្រកបដោយមនសិការវិជ្ជាជីវៈ ក្នុងការរៀបចំផែនការ ចក្ខុវិស័យ ដើម្បីអភិវឌ្ឍអង្គភាពរបស់ខ្លួន ត្រូវពង្រឹងកិច្ចប្រតិបត្តិការជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង សង្កាត់ឱ្យបានកាន់តែល្អប្រសើរ និងពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងរឹងឱ្យបានជាបន្តបន្ទាប់ ដើម្បីឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធា រណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្ថែមពីលើនេះ ខ្ញុំក៏សូមរំលឹក និងផ្តាំផ្ញើដល់គណៈអភិបាលក្រុងព្រះសីហនុ ជាពិសេសលោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលដែលទើបនឹងចូលកាន់តំណែងថ្មីត្រូវ
គោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តិនានា តំកល់ប្រយោជន៍ជាតិ និងប្រជាជនជាធំចូលរួមចំណែកការពារអធិបតីភាព បូរណភាពដែនដី ការពារសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងប្រជាពលរដ្ឋ៖
– ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រដ្ឋបាលឯកភាព និងសហការជាមួយស្ថាប័នផ្សេងៗ ព្រមទាំងដៃគូអភិវឌ្ឍន៍ឱ្យបានល្អប្រសើរ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល
– បន្តអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយកំណែទម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
– ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នាបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាសកម្មភាពលួច ឆក់ ប្លន់ បទល្មើស គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងក្នុងភូមិសាស្ត្ក្រុក្រុងព្រះសីហនុ តាមរយៈការពង្រឹងប្រតិបត្តិការរបស់កងកម្លាំងសមត្ថកិច្ច និងជំរុញការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជាពិសេសសេវាតាមយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព រហ័ស តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *