(ភ្នំពេញ) ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈប្រតិភូនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិន គួរតែសិក្សាពិនិត្យលទ្ធភាព រួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះបណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) និងសេវាកម្មផ្សេងៗ។
ជាការឆ្លើយតប លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ ក៏បានរំលេចជាពិសេសអំពី គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថា នឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។
មានក្រុមហ៊ុនមួយចំនួនបានធ្វើបទបង្ហាញអំពី ខ្សែច្រវ៉ាក់ផលិតកម្ម, បច្ចេកទេស, បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការឈានទៅរកការចាប់ដៃសហការ ផ្គូផ្គងធុរកិច្ចជាមួយគ្នានាពេលអនាគត។ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីជា នូវការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅនិងកាន់តែជិតស្និទ្ធថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆា និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ជាដើម៕