(កំពង់ចាម) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចានដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីភាព ក្នុងពិធីប្រកាសជ័យលាភី ខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។ ពិធីដ៏មហោឡារិកនេះ ប្រព្រឹត្តទៅនៅលើសួនស្មៅ ខាងមុខសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋ ដោយបានចូលរួមអរដង្ហែរក្បួនជំវិញក្រុងកំពង់ចាម ប្រមាណជាង២.០០០ នាក់ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ខេត្តកំពង់ចាម មានការកើនឡើងជាលំដាប់ អាស្រ័យដោយជីវភាព របស់ប្រជាពលរដ្ឋ មានការរីកចំរើនទៅមុខ ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៤ បណ្ដាញប្រព័ន្ធទុយោមានចំនួន ៦១កន្លែង សរុបមានអ្នកប្រើប្រើប្រាស់ទឹកស្អាត ៩៥,២៥% ។ ចំពោះ ស្ថានភាពអនាម័យវិញ នៅក្នុងខេត្តកំពង់ចាម មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ១០០% ក្នុងនោះ ខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនចំនួន ៩២,៦១% និងប្រើប្រាស់រួម ៧,៣៩% ។ រីឯស្ថានភាពក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ដែលសម្រេចបានការបន្ទោបង់ពាសវាលពាសកាល សរុប ១០០% ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ស្ថានភាពនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ខេត្តកំពង់ចាម គឺជាមោទនភាព ធំធេងណាស់ សម្រាប់រដ្ឋបាលខេត្តកំពង់ចាម ក៏ដូចប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល។ ការសម្រេចបានសមិទ្ធផលនេះ គឺពិតជា កើតឡើងដោយសារការតាំងចិត្ត ការប្តេជ្ញាចិត្ត រួមចិត្ត រួមគំនិតគ្នាថា (ខេត្តកំពង់ចាមធ្វើបាន) ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត បានខិតខំប្រឹងប្រែង ជំរុញឱ្យបាន ODF នៅត្រឹមឆ្នាំ២០២៤ ស្របតាមគោលដៅដែលក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ តាមផែនការដាក់ចេញដោយជោគជ័យ ។
ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ បានថ្លែងថា គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ៨ ដែលសម្រេចបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល DOF រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ និងខេត្តកំពង់ចាម ។ ផ្អែកតាមផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួន ៥ថ្មី បន្ថែមទៀត ទទួលពាន ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយជោគជ័យ ដែលធ្វើ ឱ្យចំនួនខេត្ត DOF កើនសរុប ១៣ខេត្ត លើ ២៥រាជធានី ខេត្ត នៅទូទាំងប្រទេស ។ ថ្លែងបែបនេះ ក្នុង ពិធី ប្រកាស អបអរសាទរខេត្ត កំពង់ចាម ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គការដៃគូ អភិវឌ្ឍន៍ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ២០០០នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ជាមួយនឹងសមិទ្ធផល រីកចំរើនលើគ្រប់វិស័យ របស់ខេត្តកំពង់ចាម កម្រិតជីវភាព របស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ជាពិសេស ការកែលម្អល័ក្ខខ័ណ្ឌ នៃការរស់នៅ តាមរយៈ ការលើកកម្ពស់ ការផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យ ដែលបានផ្លាស់ប្ដូរឥរិយាបទប្រជាពលរដ្ឋ ឱ្យប្ដូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាត ជួយទ្រទ្រង់សុខភាព ការបន្ទោបង់ពាសវាលពាសកាល មកប្រើប្រាស់បង្គន់អនាម័យ និងរស់នៅ បែបស៊ីវិល័យ ។
ឯកឧត្តម រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រសួងអភិវឌ្ឍ កំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្ដីពីការផ្គង់តផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ដែលមកដល់ពេលនេះ អត្រាគ្របដណ្ដប់ ទឹកស្អាត និងអនាម័យជនបទ ទូទាំងប្រទេស សម្រេចបានប្រមាណជា ៨១% និងឆ្នាំ២០៣០ ត្រូវសម្រេច ឱ្យបាននូវអត្រាគ្រប់ដណ្ដប់ ១០០ភាគរយ ៕