ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ផ្តល់សារៈសំខាន់ចំពោះការលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការ

(ភ្នំពេញ) ៖ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះការងារសង្គមកិច្ច រាជរដ្ឋាភិបាល ក៏បានផ្តល់សារៈសំខាន់ចំពោះការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួមទាំងមន្រ្តីរាជការផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចដំឡើងតម្លៃឯកតានៃសន្ទស្សន៍បៀវត្សរ៍មូលដ្ឋានសម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពី២៥០០រៀលទៅចំនួន២៦៣០រៀលក្នុងមួយសន្ទស្សន៍ ដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាល ក៏បានដំឡើងប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចន្លោះពី២ម៉ឺន ទៅ២ម៉ឺន៥ពាន់រៀលតាមកម្រិតដែលចាប់អនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្រ្តីជាប់កិច្ចសន្យាពីចំនួន៧១ម៉ឺនរៀល ទៅ៧៧ម៉ឺនរៀលដែលចាប់អនុវត្តកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏បានសម្រេចប្រាក់ឧបត្ថម្ភប្រចាំខែជូនគរុសិស្ស គរុនិស្សិត និងសិស្សមន្រ្តីប្រឡងជាប់ ក្នុងពេលបណ្តុះបណ្តាលនៅគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ត្រូវកំណត់យក៧០%នៃបៀវត្សរ៍សរុបដើម្បីលើកទឹកចិត្តដល់ការជ្រើសរើសធនធានមនុស្សដែលល្អដើម្បីក្លាយទៅជាអ្នកអប់រំនៅក្នុងវិស័យអប់រំរបស់យើង៕

Via: Press OCM – អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *