(ភ្នំពេញ) ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសបុរសជនជាតិថៃ២នាក់ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗ៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ « រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន » ។
ជនជាប់ចោទទាំង២នាក់ ទី១ឈ្មោះស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩៤ និងទី២ ឈ្មោះ ស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩១ ។
សូមរំលឹកថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានចាប់បញ្ជូនឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន ១១៨គីឡូក្រាម ទៅសាលាដំបូង ក្រោយបង្ក្រាបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២៖២០នាទីយប់ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូន គ្រឿងញៀនដោយខុសច្បាប់គ្នា (០៣គោលដៅក្នុងរាជធានី)៖
* គោលដៅទី១៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០០៖២០នាទី សមត្ថកិច្ចបានបង្ក្រាប នៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
* គោលដៅទី២៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៣៖២០នាទីរំលងអាធ្រាត្រ សមត្ថកិច្ចបានបន្ត ទៅឆែកឆេរ នៅចំណុចផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ។
* គោលដៅទី៣៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានបន្ត ទៅឆែកឆេរ នៅចំណុចផ្ទះលេខ២BC ផ្លូវ១០៧ ភូមិភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ១. ឈ្មោះ ស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩៤ និងឈ្មោះ ស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩១ ដោយដកហូតថ្នាំញៀន ១-មេតំហ្វេតាមីន (METHAMPHETAMINE)ទម្ងន់ ៦៧៨៤៩,៦០ ក្រាម (៦៧គីឡូ ៨៤៩,៦០ ក្រាម និង២-កេតាមីន (KETAMINE) ទម្ងន់ ៥០៩៥៩,២០ ក្រាម (៥០គីឡូ ៩៥៩.២០ ក្រាម)។ សរុបរួមសារធាតុញៀនមានទម្ងន់៖ ១១៨៨០៨,៨០ ក្រាម (១១៨គីឡូ ៨០៨.៨០ក្រាម) ៕សហការី