ព័ត៌មានជាតិ

ផ្អាក​ដំណើរការក្រុមហ៊ុនរ៉ែមាសជា​បណ្តោះ​អាសន្នក្រោយស្លាប់​​មនុស្ស​ម្នាក់​ ​​!

ខេត្តក្រចេះ ​៖ អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ចេញ​លិខិត​ផ្អាក​ដំណើរការ​ប្រ​តិប​ត្តិ​ការ​ធនធាន​រ៉ែ​ជា​បណ្ដោះ អាសន្ន​របស់​ក្រុមហ៊ុន​រ៉ែ​មាស «សឹង​យន្ត​គ័ងយិ​ក» ក្រោយ​កើត​មាន​ឧបទ្ទវហេតុ​បង្ក​អោយ​មនុស្ស​ម្នាក់​រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​ស្លាប់​ បន្ទាប់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​កាលពី​ថ្ងៃ​ទី​១០ ​ខែកញ្ញា ឆ្នាំ​២០២៤​ ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ បន្ទាប់​កើតហេតុ​ភ្លាម​ៗ​តាម​រយៈ​ការ​រាយការណ៍​របស់​ក្រុម​មន្ត្រី​ប្រចាំការ និង​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធានមន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ នៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន «សឹង​យន្ត​គ័ងយិ​ក» កើត​មាន​ឧបទ្ទវហេតុ​ក្នុង​អណ្តូងរ៉ែ​ទី​១ បណ្តាល​ឱ្យ​កម្មករ​ម្នាក់​រង​របួសធ្ងន់ និង​បាន​ស្លាប់​នៅ​ពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ​ ។

​អគ្គនាយកដ្ឋានធនធាន​រ៉ែ​បាន​ចេញ​លិខិត​ឱ្យ​ក្រុមហ៊ុន​ផ្អាក​ប្រតិបត្តិការ​ធនធាន​រ៉ែ​ក្នុង​អណ្តូងរ៉ែ​ទី​១ជា​​បណ្តោះ​អាសន្ន​ក្នុងអំឡុងពេល​រង់ចាំ​ការ​ចុះ​ពិនិត្យវាយតម្លៃ និង​ការ​ចាត់វិធានការ​ចំពោះ​ឧបទ្ទវ​ហេតុនេះ លើកលែង​តែ​សកម្មភាព​បូមទឹក​ចេញពី​អណ្តូង​។

គួរ​បញ្ជាក់​ថា ​ឧបទ្ទវហេតុ​បាក់​ថ្ម​ធ្លាក់​សង្កត់​កម្មករ​ម្នាក់​រង់​របួសធ្ងន់​និង​ម្នាក់ទៀត​ស្លាប់ បាន​កើតឡើង​ក្នុងភូមិ​អូរត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ។ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​កម្មករ​រ៉ែ​មាស​ម្នាក់ ឈ្មោះ ផុ​ន សា​រ៉ា​ន់ ភេទប្រុស អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ រស់នៅភូមិ​ព្រែក​ទ្រព្យ ឃុំ​ជលសា ស្រុក​ជលគី​រី ខេត្ដកំពង់ឆ្នាំង រង​របួសធ្ងន់ និង​បាន​ស្លាប់​នៅ​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​។

ជុំវិញ​ករណី​នេះ លោក រ័​ត្ន តុលា ប្រធាន​ស្ដីទី មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ ២០២៤​ថា ចំពោះ​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង កំពុង​តែ​ចរចា ដើម្បី​ជូន​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ពេល​បំពេញការងារ​ជាមួយ​ក្រុមហ៊ុន​។ លោក​បាន​បញ្ជាក់​ទៀត​ថា​ក្រុមហ៊ុនខាងលើ​មាន​អាជ្ញា​បណ្ណ​ឧស្សាហ​កម្មអាជីវកម្ម​ធនធាន​រ៉ែ (​លើក​ទី​៣) លេខ០០០៥ រថ​.​អ​ធរ​.​អប ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ របស់​ក្រសួង​រ៉ែ និង​ថាមពល​ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *