(កំពង់ចាម) ៖ ព្រឹកថ្ងៃថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការរៀបចំដែនដី ខេត្តកំពង់ចាម ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ជាតិ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវជុំរុញមន្ត្រីភូមិបាលឱ្យពន្លឿនការចុះបញ្ជីដីធ្លី ធ្វើយ៉ាង ណាត្រូវបន្តការបង្កើនល្បឿននៃការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានសម្រេចតាមផែនការ ចំពោះសំណង់គ្មានច្បាប់អនុញ្ញាត គឺត្រូវទប់ស្កាត់ ដោយផ្អាកការសាងសង់ ហើយត្រូវធ្វើការ ណែនាំឱ្យម្ចាស់សំណង់នោះទៅសុំច្បាប់ ក្រៅពីនោះសំណង់សាងសង់លើចំណីផ្លូវ គឺត្រូវទប់ ស្កាត់ឱ្យបានទាន់ពេលវេលា ពោលគឺមិនត្រូវអនុញ្ញាតឱ្យធ្វើការសាងសង់បានឡើយ ព្រោះប៉ះ ពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រី ភូមិបាល ត្រូវបម្រើសេវាផ្ទេរកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដោយមិនត្រូវប្រើប្រាស់ពេលវេលាយូរ លើសពី ១ខែឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាព ពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យលើទិន្នន័យគោលដែលបានយកទៅប្រើប្រាស់ក្នុងសៀវភៅ ផែនការនេះ សម្រាប់ការវិភាគ និងការសិក្សា ឈានទៅរកលទ្ធផលមួយដែលដាក់បញ្ចូលក្នុងសៀវភៅផែនការនេះ សម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព ព្រមទាំងពិនិត្យបន្ថែម ទៅលើលទ្ធផលនៃការសិក្សា និងការចម្លងដៃ ដែលមិនច្បាស់លាស់ អំពីតំបន់ ដែលប្រើប្រាស់ដី រួមនឹងផលប៉ះពាល់នានា ផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ដល់សុវត្ថិភាពប្រជាពលរដ្ឋ នៅក្នុង មូលដ្ឋាន ខណៈជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ កំពុងបន្តហក់ឡើងកម្ពស់ជិត ១៤ម៉ែត្រ ដែលធ្វើ ឲ្យទឹកហូរចូលកន្លែងទំនាប និងព្រែកចំនួន ៣៦ លើ ៤១ព្រែក នៅទូទាំងខេត្តកំពង់ចាម ក្រៅពីនោះត្រូវ ត្រៀមរៀបចំទូក សម្រាប់ប្រារព្ធពិធីប្រណាំងទូក ក្នុងថ្ងៃចេញព្រះវស្សាខាងមុខ នេះផងដែរ ៕