ខេត្តព្រះសីហនុ: នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យាក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសំណេះសំណាលជាមួយបេក្ខជនប្រលងនៅមណ្ឌលចំណេះដឹងទូទៅ និងបច្ចេកវិទ្យាក្រុងព្រះសីហនុ ដោយបានធ្វើការលើកទឹកចិត្តឱ្យក្មួយៗត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពដែលយើងបានសិក្សារយៈពេល ១២ឆ្នាំកន្លងមក ដូច្នេះត្រូវសរសេរនូវសំណេឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ព្រោះបើយើងចេះ គឺជាប់មិនខាននោះទេ ហើយរដ្ឋបាលខេត្ត និងមានរង្វាន់សម្រាប់ក្មួយៗដែលប្រឡងជាប់បាននិទ្ទេស A និងទទួលបានម៉ូតូចំនួន ១គ្រឿងផងដែរ ដូច្នេះក្មួយៗត្រូវសម្រួលអារម្មណ៍ក្នុងការប្រឡងនូវគ្រប់វិជ្ជាឱ្យបានល្អ។
ក្នុងឱកាសបើកប្រអប់វិញ្ញាសានេះ ដោយមានការចូលរួមពីបេក្ខជនប្រឡងផងដែរ ដើម្បីបញ្ជាក់ថា នៅគ្រប់វិញ្ញាសាប្រឡងមិនមានបើកប្រអប់ ឬមានរហែកនោះទេ ព្រមទាំងមានការចូលរួមចុះហត្ថលេខាលើសំណេរប្រឡងផ្នែកប្រវត្តិវិទ្យានៅព្រឹកម៉ោង៧ ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ និងសូមជូនពរឪ្យក្មួយៗប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។
តាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១,៩១៥នាក់ ស្រី ៩៩០នាក់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមានបេក្ខជនចំនួន ៤៣៦នាក់ ស្រី ២៥៧នាក់ ស្មើនឹង ១៨បន្ទប់ និងផ្នែកវិទ្យា សាស្ត្រសង្គមមានបេក្ខជនសរុបចំនួន ១,៤៧៩នាក់ ស្រី ៧៣៣នាក់ ស្មើនឹង ៦០បន្ទប់ ក្នុងនោះក៏មានបេក្ខជនស្វៃរិនចំនួន ១៣៦នាក់ ស្រី ៥៧នាក់ បេក្ខជនបំពេញវិជ្ជា ១០នាក់ ស្រី ៤នាក់ និងបេក្ខជនស្វៃរិនបំពេញវិជ្ជាមានចំនួន ៣នាក់ ស្រី ១នាក់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងភូមិសាស្ត្រ្រខេត្តព្រះសីហនុ មានមណ្ឌលប្រឡងចំនួន ០៥ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមាន ២មណ្ឌល គឺមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បេក្ខជនចំនួន ២៤៧នាក់ ស្រី ១៤៣នាក់ ស្មើនឹង ១០បន្ទប់ និងមណ្ឌលបឋមសិក្សា ហ៊ុន សែន វាលរេញ មានបេក្ខជនចំនួន ១៨៩នាក់ ស្រី ១១៤នាក់ ស្មើនឹង ០៨បន្ទប់។ ផ្នែកវិទ្យាសាស្ត្រសង្គមមាន ៣មណ្ឌល ក្នុងនោះ ១.មណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ មានបេក្ខជនចំនួន ៥៩៨នាក់ ស្រី ២៩៤នាក់ ស្មើនឹង ២៤បន្ទប់ ២.មណ្ឌលអនុវិទ្យាល័យតេជោសែន កម្មករ មានបេក្ខជនចំនួន ៣៣៦នាក់ ស្រី ១៤៨នាក់ ស្មើនឹង ១៤បន្ទប់ ៣.មណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានបេក្ខជនចំនួន ៥៤៥នាក់ ស្រី ២៩១នាក់ ស្មើនឹង ២២បន្ទប់។