ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមដាំឈេីចំនួនជាង២ពាន់ដេីម ដើម្បីដាំស្ដារឡេីងវិញនៅតំបន់ភ្លេីងឆេះព្រៃលិចទឹក​ ក្នុងតំបន់ទន្លេសាប

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលខេត្តសៀមរាប ខេត្តបាត់ដំបង តំណាងអ្នកពាក់ព័ន្ធ ដៃគូសហការ អាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋ ជាច្រើននាក់ ដាំដេីមឈេីចំនួនជាង២ពាន់ដេីម ដើម្បីដាំស្ដារព្រៃលិចឡេីងវិញនៅតំបន់ភ្លេីងឆេះព្រៃលិចទឹក​ ក្នុងតំបន់ទន្លេសាប ក្នុងភូមិសាស្រ្តឃុំព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថាដាំព្រៃលិចទឹក ក្នុងតំបន់ បឹងទន្លេសាបនេះ នឹងជួយពង្រឹងការអភិរក្ស និងការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់នៃពពួកជីវៈចម្រុះនៅបឹងទន្លេសាប។ ម្យ៉ាងទៀត ក៏ជាការថែរក្សា ការពារបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំ និងបម្រើប្រជាពលរដ្ឋប្រមាណ៦លាននាក់របស់កម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបានប្រកាសដាក់ចេញយុទ្ធនាការ១០ តុលា ដាំដើមឈើ ១លានដើម ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍ ស្របតាមទស្សនវិស័យនៃយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំ ៣សំខាន់ រួមមាន ស្អាត បៃតង និងចីរភាព។

បច្ចុប្បន្ននេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យមន្ដ្រីក្រសួងបរិស្ថាន នៅតាមមន្ទីររាជធានី ខេត្តទាំងអស់ ធ្វើការបណ្ដុះកូនឈើគ្រប់ប្រភេទ និងមានគម្រោងបង្កើតស្ថានីយ៍បណ្តុះកូនឈើស្តង់ដារអន្តរជាតិនៅតាមខេត្តចំនួន៤ ដើម្បីចែកជូនកូនឈើដល់ប្រជាពលរដ្ឋទៅដាំថែមទៀត។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាសហគមន៍ ជាពិសេសសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ ដែលក្រសួងបានដាក់ចេញយុទ្ធនាការ ចែកជូនកូនឈើប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិចចំនួន ១លានដើម។ កូនឈើទាំងនោះ ជាប្រភេទដើមឈើដែលអាចទទួលបាននូវផលផ្លែ ដែលអាចប្រើប្រាស់ និងជាជម្រកសម្រាប់ជីវចម្រុះ ដូចជាព្រៃលិចទឹកនេះជាដើម ដែលបម្រើដល់ភ្ញៀវទេសចរ និងសម្រាប់លក់កាបូនដើម្បីបង្កើនចំណូលជាតិនិងការអភិវឌ្ឍមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីឱ្យការអភិវឌ្ឋដោយចីរភាព យើងត្រូវចូលរួមទាំងអស់គ្នាធ្វើឱ្យកន្លែងរស់នៅយើងស្អាត សហគមន៍ស្អាត និងកន្លែងគោដៅទេសចរណ៍ស្អាតគ្មានការបំពុលដោយសំរាម ប្លាស្ទិក ហើយភាពស្អាតចាប់ផ្តើមខ្លួនយើង ជាពិសេសការចូលរួមផងដែរពីយុវជន ដើម្បើបន្តភាពស្អាតតជំនាន់ទៅមុខ។

ក្នុងឱកាសនេះដែរ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកឡើងថា ទស្សនកិច្ច និងការដាំកូនឈើនៅក្នុងតំបន់រ៉ាមសារព្រែកទាល់ នាថ្ងៃនេះ គឺជាផ្នែកមួយនៃយុទ្ធនាការForOurPlanet របស់សហភាពអឺរ៉ុប។ សម្រាប់កម្ពុជា យុទ្ធនាការ ForOurPlanet ជាគំនិតគំនិតផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្នុងការគិតគូរ និងការពារបរិស្ថាននៅកម្ពុជា ដែលមានភាពទូលំទូលាយរាប់ចាប់តាំងពីគម្រោងអភិរក្ស និងកសិកម្មប្រកបដោយនិរន្តរភាពរហូតដល់ កិច្ចខិតខំប្រឹងប្រែងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកម្មវិធីបង្កើនការយល់ដឹងស្តីពីការការពារនោងអភិរក្សធនធានធម្មជាតិដល់សហគមន៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។