ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ កុំឱ្យក្លាយខ្លួនជាឃាតករនៅលើដងផ្លូវ

(ភ្នំពេញ) ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ កុំឱ្យក្លាយខ្លួនជាឃាតករនៅលើដងផ្លូវ ដោយមិនត្រូវបើកបរឱ្យលើសល្បឿន និងមិនត្រូវផឹកគ្រឿងស្រវឹងជាដាច់ខាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យអ្នកបើកបរខ្លាចប៉ូលិសចរាចរណ៍ ប៉ុន្តែត្រូវគោរពច្បាប់ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ ពីព្រោះថា ការជិះរថយន្តទំនើបអាចការពារអាយុជីវិតអ្នកបើកបរបាន ប៉ុន្តែបើសិនអ្នកបើកបរមានការធ្វេសប្រហែស នោះនៅតែអាចបង្កគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅកម្ពុជា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងស្លាប់ដោយសារសង្រ្គាម ឬដោយសារគ្រាប់មីនទៅទៀត ដែលចំណុចនេះទាមទារឱ្យយើងទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។