ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានសហការជាមួយ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ អាជីវករ ក្រុមអ្នករត់តាក់ស៉ី ចុះសម្អាត អនាម័យ បរិស្ថាន តាមទីប្រជុំជន និងដងផ្លូវសាធារណះ ដើម្បីលើកកម្ពស់សោភ័ណភាពតាមទីប្រជុំជនក្នុងក្រុងសីរិសោភ័ណ ខេត្តបន្ទាយមានជ័យ។

យុទ្ធនាការសម្អាតទីក្រុងនេះ ដឹកនាំដោយលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ដែលមានការចូលរួមពី កម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងកង់រាវុធហត្ថក្រុង កម្លាំងយោធា អាជ្ញាធរភូមិ ឃុំ-សង្កាត់ ប្រជាពលរដ្ឋ សិស្សសាលា អាជីវករ ក្រុមអ្នករត់តាក់ស៊ីជាច្រើនរូបផងដែរ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានថ្លែងថា យុទ្ធនាការចុះសំអាតធ្វើអនាម័យតាមដងផ្លូវ តាមទីប្រជុំជន និងចំណតរថយន្តដឹកអ្នកដំណើរ គឺធ្វើឡើងក្នុងគោលបំណងបំផុសនិងជំរុញដល់សាធារណៈជន ប្រជាជន អាជីវករ ពាណិជ្ជករ ដែលរស់នៅតាមដងផ្លូវ ឲ្យចូលរួម វេចខ្ចប់ទុកដាក់ កាកសំណល់សំរាមឲ្យបានល្អ សំអាតបរិស្ថានតាមទីសាធារណៈ ដើម្បីលើកស្ទួយសោភ័ណភាពក្រុង ហើយក៏ជាការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានចាត់តាំងកម្លាំងនគរបាលជាច្រើនរូបចូលរួម សំអាតផ្ទាល់ និងបានបញ្ជូនរថយន្តទឹកទៅបាញ់លាងសម្អាតតាមដងផ្លូវ និងចំណតរថយន្តដឹកអ្នកដំណើរ អស់ទឹកចំនួន ៥ឡាន៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។