(ភ្នំពេញ) ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែមីនានេះថា ដើម្បីរក្សាបាន នូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជនយុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ ដូចខាងក្រោម ៖
១-ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
២-ហាមដាច់ខាតការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៣-ហាមឃាត់ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមយានយន្ត ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិតបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិ។ល។
៤-ហាមឃាត់ការនាំចូល ចែកចាយ ទិញលក់ និងអុជផាវ ព្រមទាំងគ្រឿងផ្ទុះគ្រប់ប្រភេទដែលអាចបង្កឱ្យមានការភ្ញាក់ផ្អើល បង្កអសន្តិសុខ និងប៉ះពាល់សណ្ដាប់ធ្នាប់ ព្រមទាំងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ។
៥-ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។
៦-លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនកុះករ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ជាយុវជន យុវនារីសិស្ស និស្សិត និងកម្មករ-កម្មការិនីទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារខាងលើ ៕