ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយអង្ករ ១០តោន មី ២០០កេស និងទឹកសុទ្ធ ១០០កេស ពីសប្បុរសជនក្នុងខេត្ត !

(សៀមរាប) កាលពីរសៀលថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាបបានរៀបចំពិធីប្រគល់-ទទួលគ្រឿងឧបភោគបរិភោគរវាងក្រុមហ៊ុនរោងសន្និធិ លក់ចែកចាយ ផលអនុផលព្រៃឈើប្រភេទធំ ច្រកចេញចូលតែមួយ ខេត្តសៀមរាប និងរដ្ឋបាលខេត្តក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត។

លោកស្រី ជ័យ ម៉ាលីន តំណាងក្រុមហ៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកសព្វបែបយ៉ាងរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តសៀមរាប ក្នុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺកូវីដ និងផលប៉ះពាល់យ៉ាងខ្លាំងចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទទួលបន្ទុកដ៏ធ្ងន់នៅពេលបងប្អូនប្រជាពលករវិលមកពីក្រៅប្រទេស ដែលបានកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ហើយត្រូវការផ្គត់ផ្គង់អាហារប្រចាំថ្ងៃទៀតផង ។ ដោយកត្តានេះហើយទើបក្រុមហ៊ុន រោងសន្និធិ លក់ចែកចាយ ផលអនុផលព្រៃឈើប្រភេទធំ ច្រកចេញចូលតែមួយ ខេត្តសៀមរាប ចូលរួមផ្តល់នូវជាគ្រឿងឧបភោគបរិភោគ ក្នុងការជួយសម្រាលបន្ទុករាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តផងដែរ។ លោកស្រីក៏បានថ្លែងអំណរគុណសន្តិភាព មានតែសន្តិភាពនេះហើយទើធ្វើឱ្យជីវភាព និង ក្រុមហ៊ុនមាន ការរីកចម្រើនមកដល់ពេលនេះ ។

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក ពិន ប្រាកដ ក៏ បានធ្វើការថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ក្រុមហ៊ុន រោងសន្និធិ លក់ចែកចាយ ផលអនុផលព្រៃឈើប្រភេទធំ ច្រកចេញចូលតែមួយ ខេត្តសៀមរាប ដែលបានបរិចាកនូវស្បៀងអាហារ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ ស្កាត់ នូវការរីករាលដាលជំងឺកូវី១៩ សំខាន់ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ គឺដើមី្បទ្រទ្រង់ជីវភាពដល់បងប្អូនប្រជាពលរដ្ឋ និង ពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស បានកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ។

លោក ក៏បានគូសបញ្ជាក់ថា អំណោយទាំងនេះ អាជ្ញាធរខេត្តនឹងធ្វើការបែងចែកទៅតាមបណ្តាក្រុង ស្រុក ដើមី្បប្រើប្រាស់នៅក្នុងមណ្ឌលចត្តាឡីស័ក និង ផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតនៅតាមមូលដ្ឋានផងដែរ ។ លោកបន្តទៀតថា នេះជាវប្បធម៌ចែករំលែក ហើយជាការជួយគ្នាក្នុងគ្រាលំបាកផងដែរ ហើយលោកក៏ស្នើដល់ក្រុមហ៊ុនបន្តនូវកាយវិកាដ៏សប្បុរសនេះបន្តទៅតាមបណ្តា ក្រុង ស្រុក ក្នុងការចូលរួមកសាងនិងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើនតទៅអនាគត។

អំណោយទាំងនោះរួមមាន អង្ករ ១០តោន មី ២០០កេស និងទឹកសុទ្ធ ១០០កេស ដែលជាអំណោយដ៏សប្បុរសធម៌របស់ ក្រុមហ៊ុនរោងសន្និធិ លក់ចែកចាយ ផលអនុផលព្រៃឈើប្រភេទធំ ច្រកចេញចូលតែមួយ ខេត្តសៀមរាបដែលមានទីតាំងនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។