ព័ត៌មានជាតិ

លោកស្រី ឱ វណ្ឌឌីន អំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ១៩ បំប្លែងថ្មី កាចសាហាវ បើមិនចាំបាច់កុំចេញពីផ្ទះ ការជួបជុំរៀបមង្គលការ ឡើងផ្ទះ និងបុណ្យទាន សូមពន្យារពេលសិន

(ភ្នំពេញ)លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវជាថ្មីម្តងហើយម្តងទៀត សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩ បំប្លែងថ្មី ដែលកំពុងចារាចរសកម្មខ្លាំងក្លាបំផុត នៅប្រទេសកម្ពុជា។

លោកស្រីបន្ថែមថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មីនេះ កុំឲ្យកាន់តែធ្ងន់ធ្ងរឡើង គឺមានតែការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ដោយត្រូវនៅផ្ទះ និងមិនត្រូវធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ចំពោះការជួបជុំគ្នាច្រើនវិញ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ សូមពន្យារពេលសិន។

លោកស្រី ឱ វណ្ឌឌីន បានថ្លែង «ខ្ញុំសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ ដែលខ្ញុំធ្លាប់បានពន្យល់រួចហើយ គឺវីរុសកូវីដ-១៩ បំប្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថា វានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្តមួយចំនួនរួចទៅហើយ។ ដូច្នេះពេលនេះ នៅផ្ទះ និងកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ហើយមិនត្រូវបង្កការជួបជុំគ្នាច្រើនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យារពេល គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់ បាននូវការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ ជ្រើសរើសយកការបញ្ឈប់ការជួបជុំ ឬការពន្យាពេលនៃការរៀបចំពិធីនានា ល្អប្រសើរជាជាងការឆ្លងហើយអាចស្លាប់ បានគ្រប់ពេលវេលានាពេលនេះ»។

អ្នកនាំពាក្យរូបនេះបន្តថា សូមចងចាំថាវីរុសបំប្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា ដែលថ្មីៗនេះ យើងមានករណីស្លាប់មួយនាក់រួចទៅហើយៗ ក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះ យ៉ាងមមាញឹកជាទីបំផុត។

លោកស្រីបានសូមឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព និងមើលកូនចៅឱ្យបានល្អ កុំឱ្យដើរចេញក្រៅរហេតរហូត សម្រាប់មនុស្សពេញវ័យ បើមិនមានការចាំបាច់ទេនោះសូមនៅផ្ទះ ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះ ដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់ សម្រាប់លោកអ្នកនាពេលនេះ។

ដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀត ដែលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាការអំពាវនាវខាងលើនេះជាដើម ហើយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល និងមិនដឹងថានៅទីណានោះទាំងអស់គ្នា ដែលយើងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់។

លោកស្រីសង្កត់ធ្ងន់ថា បរាជ័យ ឬជោគជ័យលើការប្រយុទ្ធនឹងសត្រូវកូវីដ-១៩ បំប្លែងថ្មីនាពេលនេះ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់គ្នា និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩ បម្លែងថ្មីនាពេលនេះផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។