ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក តំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបន្តដំណើរមកកាន់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៨០០នាក់

នៅរសៀលថ្ងៃដដែល អញ្ជើញចេញពីខេត្តស្ទឺងត្រែង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក តំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបន្តដំណើរមកកាន់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៨០០នាក់ អញ្ជើញមកពីទូទាំងឃុំសេដា ដែលបានរៀបចំក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្វាយកាំបិត។ ក្នុងពិធីនេះក៏មានវត្តមានឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកសមាជិការ ហើយនិង អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ភូមិ និងបងប្អូនជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ទាប់ពីមេឃុំបានអានរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍភូមិ ឃុំ ជូនអង្គពិធីជ្រាបរួចមក ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូននៅទូទាំងឃុំ សេដា ហើយសម្តេចបានជូនពរឲ្យបងប្អូនជួបតែពុទ្ធិពរទាំង ៤ ប្រការ។ ប្រើពេលខ្លី ឯកឧត្តមបានជម្រាបជូនអង្គពិធីអំពី ៖

១- ស្ថានភាពនៃការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម មុន ក្នុងពេល និងបន្ទាប់ព្យុះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ បានវិវត្តន៍មករកប្រក្រតីភាពវិញ ហើយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យសកម្មភាពសង្គមដំណើរការជាប្រក្រតីភាពឡើងវិញ។

២- បច្ចុប្បន្នភាពនៃជំងឺឆ្លងកូវីដ-១៩ មានលក្ខណល្អប្រសើរ ជាក់ស្តែង៦ថ្ងៃជាប់គ្នាកម្ពុជាគ្មាន អ្នកឆ្លងជំងឺនេះទេ ហើយអន្តរាគមន៍ចាក់វ៉ាក់សាំងដូសជំរុញបាននិងកំពុងបន្ត។ ទោះជាយ៉ាងណា លោកបានក្រើនរំលឹកបងប្អូនយើងមិនត្រូវភ្លេចខ្លួន បណ្តែតបណ្តោយ ឲ្យជំងឺនេះវិលត្រឡប់មក កាន់សហគមន៍យើងជាថ្មីម្តងទៀតឡើយ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិធានការដែលមាន ស្រាប់។

៣- សកម្មភាពការងារបង្កបង្កើនផលដើមរដូវ លទ្ធផលនៃការនាំចេញកសិផល និងបញ្ហាប្រឈមដែលកម្ពុជា ក៏ដូចជាសកល មូលហេតុបណ្តាលមកពីវិបត្តិកូវីដ-១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែង។

៤- សកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ និងជាពិសេសសកម្មភាពរបស់សម្តេចតេជោនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលសម្តេចតេជោ បានបានយកឱកាសមុនកិច្ចប្រជុំ បានឆ្លៀតជួបសំណេះសំណាល និងជម្រាបប្រពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកថាកម្ពុជាមានអធិរេកស្រូវ ៦លានតោន គិតជាអង្ករ ៤លានតោននៅឆ្នាំ២០២១ កន្លងទៅ និង ៨ខែកន្លងមក កម្ពុជាផលិតមាសបាន ២តោន។

៥- លើកឡើងពីគុណសម្បត្តិរបស់ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំសេដា ដែលបានលះបង់កាយ ចិត្ត និងថវិកាផ្ទាល់ខ្លួន សហការជាមួយអាជ្ញាធរស្រុក ឃុំ ដើម្បីកសាង និងអភិវឌ្ឍមូលដ្ឋាន ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន ពិសេសគោលនយោបាយ ក៣។ ត្រង់ចំណុចនេះ លោកបានស្នើសុំឲ្យបងប្អូន និងអាជ្ញាធរមូលដ្ឋានផ្ទាល់ត្រូវខិតខំ យកចិត្តទុកដាក់ថែរក្សា និងការពារសមិទ្ធផលទាំងនោះឲ្យបានល្អប្រសើរ ទុកសម្រាប់បម្រើឲ្យប្រយោជន៍សង្គមជាតិ ពិសេសអាជ្ញាធរស្រុក ឃុំ ភូមិ កសាងអំពើល្អឲ្យបានច្រើនដើម្បីកសាងសុខដុមនីយកម្មក្នុងសង្គមជាតិយើង។

៦- ត្រូវចូលរួមថែរក្សា និងការពារសន្តិភាពឲ្យបានគង់វង្ស ហើយត្រូវយកឱកាសនេះខិតខំកសាងជីវភាព អភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ចគ្រួសារ និងត្រូវប្តូរទម្លាប់មិនល្អ ដើម្បីដើរចេញពីភាពក្រីក្រ។

៧- កុំជឿ ស្តាប់ពាក្យញុះញង់ កុហក់ អួតអាង បង្កាច់បង្ខូច បន្តុះបង្អាប់កិត្តយសរបស់ជនអគតិមកលើរាជរដ្ឋាភិបាលដែលជាអាណាព្យាបាលរបស់យើង ” ត្រឹមមកនិយាយ មិនប្រាកដជាធ្វើបានទេ “។

៨- លើកទឹកចិត្តឲ្យកូន ចៅឲ្យទៅសិក្សារៀនសូត្របានទៀងទាត់តាមកម្មវិធីសាលាដើម្បីចៀស ឲ្យផុតពីអនក្ខរភាព ភាពក្រីក្រ និងត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ។ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ហាមពាក់ព័ន្ធផលិត លក់ចែកចាយ និងប្រើប្រាស់ជ្រឿងញៀន។

យកឱកាសជួបជុំប្រកបដោយការនឹករលឹក ស្និទ្ធស្នាល និងសោមនស្សរីករាយ ឯកឧត្តមបានជូនពរឲ្យបងប្អូនឃុំសេដា ទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសជួបជុំនេះ ឯកឧត្តមបានដោះស្រាយសំណើមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៥២លានរៀល រួមទាំងឧបត្ថម្ភមេឃុំសេដា ១លានរៀល អ្នករៀបចំកម្មវិធី ១លានរៀល និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៨០០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០ រៀលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។