ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រកាសទទួលស្គាលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់ប្រធានគណបក្ស​មូលដ្ឋាន​ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និង​ជួបបញ្ហាផ្សេងៗ ជា​ពិសេសគឺ​ត្រូវ​ផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ។​ ការ​ថ្លែង​បែប​នេះ​ក្នុងប្រកាស​បញ្ចូល​សមាជិក​គណបក្ស​ថ្មី​​ ក្នុង​ក្រុងកំពង់ចាម​ និង​អតីត​សកម្មជន​មកពី​គណបក្ស​នយោបាយ​នានា​ ក្នុង​ខេត្តកំពង់ចាម​ សរុប​ចំនួន​១៤០៩នាក់​​ នាព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​​ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែង​ថា​ ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារ​ដ៏​សំខាន់ ដែល​ត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា​ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់​ដូច​គ្នា​ ។
ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ​ អំពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ​ ។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ។

ជាមួយគ្នា​នោះ​ តំណាង​សមាជិក​ថ្មី​ បានឡេីង​ធ្វើសច្ចាប្រណិធាន​ ប្តេជ្ញា ស្មោះត្រង់ ជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់​មួយ​ជីវិត និង​គោរព អនុវត្តតាមគោលការណ៍ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជារៀងរហូតដោយឥតងាករេ ព្រមទាំងប្រមែរប្រមូលគៀគរកម្លាំង នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ​ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេល អនាគត ។

គួរ​បញ្ជាក់​ថា​ ពិធី​បញ្ចូល​សមាជិក​ថ្មី​នេះ​ គឺ​មាន​​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ក្នុង​ក្រុងកំពង់ចាម​ ចំនួន​ ១៣០៣នាក់​ និង​អតីត​សកម្មជន​មកពី​គណបក្ស​នយោបាយ​នានា​ ក្នុង​ខេត្តកំពង់ចាម​ ចំនួន​ ១០៦នាក់​ ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។