ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យក្រុមការងាររបស់ធនាគារពិភពលោក (World Bank, WB) ជួបពិភាក្សា និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យក្រុមការងាររបស់ធនាគារពិភពលោក (World Bank, WB) ដែលដឹកនាំដោយលោកស្រី ចំរើន មុទិតា ចូលជួបពិភាក្សា និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP)។

លោកស្រីប្រធានក្រុមការងារបានគោរព និងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេប អំពីវឌ្ឍនភាពរបស់គម្រោង លក្ខណ:លំបាក និងងាយស្រួលក្នុងការអនុវត្តគម្រោង មូលហេតុ សំខាន់ៗដែលចាត់ទុកថាជាឧបសគ្គក្នុងពេលអនុវត្តគម្រោង លទ្ធផល និងបទពិសោធន៍ដែលទទួលបាន សំណូមពរ និងផែនការ យុទ្ធសាស្រ្តអនុវត្តបន្តដើម្បីទទួលបានជោគជ័យ។ ឆ្លៀតយកឱកាស នេះលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹក នាំគម្រោង និងថ្នាក់ដឹកនាំមន្ទីរនៃខេត្តគោលដៅ ដែលបានរួមសហការអនុវត្តគម្រោងទទួលបាន លទ្ធផលល្អដូចបានគ្រោងទុក។ ទទួលបានមេរៀន និងបទពិសោធន៍ល្អៗ លោកស្រីសង្ឃឹម និងជឿជាក់ថា គម្រោងនឹងបង្កើតបានផ្លែផ្កាស្របតាមផែនការដែលបានគ្រោងទុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលបញ្ចប់អាណត្តិ។

មានមតិចូលរួមអបអរ និងវាយតម្លៃខ្ពស់លើលទ្ធផលដែលគម្រោងសម្រេចបាន ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមការងារទាំងក្រសួង ក្រសួងពាក់ព័ន្ធ និងក្រុមការងារ WB រួមសហការគ្នាធ្វើការសិក្សាលម្អិតបន្ថែមអំពីត្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករ ធ្វើយ៉ាង ណាឲ្យស្របទៅនឹងបរិបទនៃស្ថានភាពសេដ្ឋកិច្ចសកល និងជាពិសេសស្ថានភាពនៃវិបត្តិជំងឺឆ្លង កូវីដ-១៩ ដែលមានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់។ បីក្នុងចំណោមកម្មវត្ថុសំខាន់ៗដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកស្នើសុំទៅក្រុមការងារ WB ពិនិត្យ ពិចារណាគឺ ៖

ទី១- ពិនិត្យលើប្រព័ន្ធស្រោចស្រពដែលប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់ បន្ថយការចំណាយលើថ្លៃភ្លើង និងប្រេងឥន្ទន:។

ទី២- ពិនិត្យលទ្ធភាពជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មដំណាំ មានបន្លែផងដែរ ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម រួមទាំងទីផ្សារ និងការកែច្នៃផងដែរ។

ទី៣- ជួយជាកម្ចីឲ្យដល់សមាគមចិញ្ចឹសត្វ បណ្តុំកសិករចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ដើម្បីយកទៅពង្រីកផលិតកម្មចិញ្ចឹមសត្វ លើកកម្ពស់ការផ្គត់ផ្គង់សាច់ និងស៊ុតឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។

ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់មតិឲ្យក្រុមការងារសិក្សាលើលទ្ធភាពរបស់សហគមន៍ដើម្បីជួយពង្រឹងសមត្ថភាព ចំណេះជំនាញ បទពិសោធន៍ ការងារដឹកនាំ និងគ្រប់គ្រង រដ្ឋបាល គណនេយ្យ និងហិរញ្ញវត្ថុ ក្នុងបំណងប្រែក្លាយសហគមន៍កសិកម្ម ឬសហគមន៍ចិញ្ចឹមសត្វឲ្យទៅ ជាសហគ្រា កសិធុរកិច្ចនៅជនបទ ក្នុងឆន្ទ:រក្សាឲ្យបាននូវនិរន្តរភាពផលិតកម្ម និងម្ចាស់ការក្រោយពេលគម្រោងត្រូវបានបញ្ចប់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។