ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុប វាយតម្លៃ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

(ព្រៃវែង) :នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ២ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុប វាយតម្លៃ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធី អំពីលទ្ធផលដែលគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងសម្រេចបាន ពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប ឈ្នះបានមេឃុំ ចៅសង្កាត់ ទូទាំងខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការងារគណបក្សគ្រប់ថ្នាក់ ចូលរួមផ្ដល់យោបល់ទៅលើបទពិសោធទៅលើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថ្មីៗនេះដែលបានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ ដូចការប្ដេជ្ញាចិត្តឱ្យការបោះឆ្នោតនេះទទួលបានជោគជ័យ២ក្នុងពេលតែមួយ គឺឈ្នះការបោះឆ្នោត និងធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថាការជួបជុំគ្នានៅពេលនេះ ក៏ជាឱកាសដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងសមាជិក សមាជិការ ចូលរួមយោបល់បន្ថែមទៀត ដើម្បីទទួលបានធាតុចូល ឬទស្សនាទានថ្មីៗ សម្រាប់បម្រើឱ្យកិច្ចការគណបក្សនាពេលខាងមុខ គឺការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនេះជាបន្តទៀត។

ក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថានៅក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងទៅថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្ររហូត ៥លាន ៣សែន ៧ម៉ឺន ៨ពាន់ ៧៧៣សំឡេង ស្មើនឹង៧៤,៣២ភាគរយនៃសន្លឹកឆ្នោតបានការ និងបានកាន់កាប់អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៩ ៣៧៦អាសនៈ ស្មើនឹង៨០,៦៧ភាគរយនៃអាសនៈសរុប ព្រមទាំងទទួលបានមុខតំណែងមេឃុំ ចៅសង្កាត់ចំនួន១៦៤៨ ស្មើនិង៩៩,៥១ភាគរយ។

សម្រាប់មូលដ្ឋានខេត្តព្រៃវែងវិញ សម្ដេចប្រធានក្រុមការងារ បានគូសបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាក៏បានសម្រេចជោគជ័យយ៉ាងត្រចាស់ត្រចង់ ធ្វើឱ្យបេក្ខជនគណបក្សប្រជាជនកម្ពុជា កាន់កាប់អាសនៈឃុំ សង្កាត់ ចំនួន៦៨៤អាសនៈ ស្មើនឹង៧៦,៦៨ភាគរយនៃអាសនៈសរុប នឹងទទួលបានមុខតំណែងជាមេឃុំ ចៅសង្កាត់គ្រប់ខេត្ត ក្នុងនោះមានឃុំ សង្កាត់ចំនួន២នៃខេត្តព្រៃវែង ដែលគណបក្សបានកាន់កាប់អាសនៈ១០០ភាគរយ។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រៃវែងទាំងអស់ដែលបានរួមម្លាំងសាមគ្គីគ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កន្លងទៅថ្មីៗនេះដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ៕pe3ol4j4j3jk

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។