(ភ្នំពេញ) ៖ ម្ចាស់រថយន្តបែនដឹកដីប្រភេទចង្កូតស្ដាំប្រមាណជិត៣០០នាក់ បានធ្វើការប្រមូលផ្ដុំគ្នាតវ៉ាទៅនឹងចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាល ដែលបានតម្រូវឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធគ្រប់ប្រភេទ ត្រូវតែបង់ពន្ធ និងកែចង្កូតទាំងអស់។ ពួកគាត់បានកាន់បដាស្នើសុំបង់ពន្ធតាមច្បាប់ តែសុំការអនុគ្រោះមិនកែចង្កូតរថយន្តឡើយ គឺរក្សាឲ្យនៅចង្កូតស្ដាំដដែល។
ក្រុមអ្នកតវ៉ាខាងលើនេះ បាននាំគ្នាឈរកាន់បដាធ្វើការតវ៉ានៅលើរង្វង់មូលកួរស្រូវ ស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ដោយពួកគាត់ចតរថយន្តបិទផ្លូវនៅត្រង់ចំណុនោះតែម្ដង ជាហេតុបង្កឲ្យមានការកកស្ទះចរាចរាណ៍ផ្លូវជាតិលេខ២ ផ្លូវលេខ២១៧ និងផ្លូវលេខ១០៤ផងដែរ។
Picture
ក្នុងពេលតវ៉ានោះ ពួកគាត់ក៏បាននិយាយថា ពួកគាត់ស្ទើតែទាំងអស់គ្នាសុទ្ធតែបានចងការប្រាក់ពីធនាគារមកទិញរថយន្តចង្កូតស្ដាំអត់ពន្ធទាំងនេះ ដើម្បីរកស៊ីចិញ្ចឹមជីវិតខ្លួនឯង និងគ្រួសារ ។ ពេលនេះរដ្ឋបានតម្រូវឲ្យបង់ពន្ធ និងកែចង្កូតពីស្ដាំមកឆ្វេងវិញជាកំហិត ដែលជាហេតុធ្វើឲ្យពួកគាត់ជួបការលំបាក និងគ្មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបានទាំង២មុខនេះទេ។
ក្រុមម្ចាស់រថយន្តខាងលើ បាននិយាយទៀតថា ពួកគាត់មានលទ្ធភាពត្រឹមបង់ពន្ធ ប៉ុន្តែគ្មានលទ្ធភាពដើម្បីកែចង្កូតរថយន្តបានឡើយ ដូច្នេះហើយទើបនៅពេលនេះពួកគាត់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា និងស្នើសុំការអនុគ្រោះពីរាជរដ្ឋាភិបាល។ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំបង់ពន្ធ ប៉ុន្តែសុំរក្សាចង្កូតស្ដាំដដែល ហើយសង្ឃឹមថា នឹងទទួលបានការអនុគ្រោះខាងលើនេះ។
សូមបញ្ជាក់ថា ការប្រមូលផ្ដុំគ្នានេះ ក្រុមអ្នកតវ៉ាបានកាន់បដាដោយសរសេរថា «ស្នើសុំសម្ដេច សុំបង់ពន្ធមិនកែចង្កូត» និង «សូមរក្សាចង្កូតស្ដាំដដែល» ហើយនៅក្នុងខណៈនោះដែរ ពួកគាត់ក៏បានទទួចសុំឲ្យខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ព្រមទាំងក្រសួងសាធារណការនិងដឹកជញ្ជូនជួបជាមួយតំណាងរបស់ខ្លួន ដើម្បីដោះស្រាយនូវលក្ខខណ្ឌដែលពួកគាត់បានទាមទារខាងលើនោះថែមទៀតផង។
ក្រោយពីមានការតវ៉ាបែបនេះ មន្ត្រីរដ្ឋបាលខណ្ឌដង្កោ ព្រមទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះទៅកាន់ទីនោះ ដើម្បីធ្វើការសម្របសម្រួលជាមួយក្រុមអ្នកតវ៉ា ដើម្បីឲ្យពួកគាត់បើកផ្លូវឡើងវិញ និងរង់ចាំការដោះស្រាយពេលក្រោយ៕សហការី