ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បាន​ទទួលជួបលោក នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តក្នុងវិស័យកសិកម្មកម្ពុជា

(ភ្នំពេញ) :នាវេលាម៉ោង៩:០០ នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ទទួលជួបលោក Satoshi SHIMADA នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តក្នុងវិស័យកសិកម្មកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោក SHIMADA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានទទួលជួបរូបលោកនាព្រឹកនេះ។ លោកបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Club Eco Water គឺជាក្រុមហ៊ុនតែមួយលើពិភពលោកដែលមានបច្ចេកវិទ្យាវិភាគ និងរំលាយសារធាតុក្នុងទឹក (water solubilization ionize) និងសមាសធាតុរ៉ែផ្សេងៗ រួមទាំងធាតុដែលមានក្នុងរ៉ែ ហើយបម្លែងសារធាតុរ៉ែទាំងនោះទៅជាសារធាតុអ៊ីយ៉ុង និងសារធាតុបំប៉នផ្សេងៗទៀត ដើម្បីជួយដល់ការលូតលាស់ដល់ដំណាំបន្លែ ផ្លែឈើដោយកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំកសិកម្ម។ បច្ចុប្បន្ន ក្រុមហ៊ុនបានចាប់ដៃគូជាមួយវិស័យឯកជននៅកម្ពុជា ធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ ធ្វើយ៉ាងណាឱ្យផលិតផលនេះមានភាពសមស្រប បន្សាំ និងសុវត្ថិភាពសម្រាប់ប្រើប្រាស់ស្របតាមក្សេត្របរិស្ថានកម្ពុជា។ ជារួម ការពិសោធនេះបានអនុវត្តបានជាង ៦ខែមកហើយ លើមុខដំណាំខ្ញី និងដំឡូងជ្វាផ្អែម ដោយក្នុង១លីត្រ អាចលាយជាមួយទឹកពី ៨ ០០០ ទៅ ១០ ០០០លីត្រ ដើម្បីយកទៅស្រោចស្រព និងបាញ់ទៅលើស្លឹក និងដើម។ ចំពោះដំណាំខ្ញី លទ្ធផលដែលទទួលបានឃើញថា គ្មានពួកដង្កូវស៊ីខ្ញី មានគុណភាពល្អ និងទិន្នផលខ្ពស់ផងដែរ។ លើសពីនេះទៀត ផលខ្ញីដែលទទួលបាននោះ គឺបានបញ្ជូនទៅប្រទេសជប៉ុនដើម្បីធ្វើការវិភាគ និងពិសោធ រងចាំលទ្ធផល។ ផលិតផលនេះ លោក SHIMADA បន្ថែមថា ក៏អាចប្រើប្រាស់ក្នុងអនុវិស័យផលិតកម្មសត្វផងដែរ សរុបមកគឺពិតជាមានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុងរក្សាបរិស្ថានទឹក និងសុវត្ថិភាពចំណីអាហារ តាមរយៈការកាត់បន្ថយសំណល់ថ្នាំកសិកម្ម និងជាតិពុលផ្សេងៗនៅក្នុងបន្លែ ផ្លែឈើផងដែរ។ អ្វីដែលលោកសង្ឃឹមនោះគឺ នឹងអាចពង្រីកវិសាលភាពនៃបច្ចេកវិទ្យានេះឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដើម្បីប្រជាជន និងជាពិសេសកុមារដែលជាអនាគតនៃកម្ពុជា អាចបរិភោគបន្លែ ផ្លែឈើដែលមានសុវត្ថិភាព។

បន្ទាប់ពីបានស្តាប់ការរាយការណ៍របស់លោក SHIMADA ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់លោក និងសហការី ជាពិសេសស្របពេលដែលសកលលោកកំពុងជួយប្រទះវិបត្តិនៃការឡើងថ្លៃនៃតម្លៃជី និងថ្នាំកសិកម្ម។ បច្ចុប្បន្ននេះអាចសន្និដ្ឋានបានថា ផលិតផលនេះគឺល្អ និងមិនប៉ះពាល់ដល់ទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគ។ តែមុននឹងអាចធ្វើការផ្សព្វផ្សាយ និងចែកចាយផលិតផលនេះទៅដល់ប្រជាកសិករ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីយកផលិតផលនេះមកសិក្សាស្រាវជ្រាវ វិភាគ និងពិសោធនៅតាមស្ថានីយកសិកម្មនានាតាមបណ្តាលរាជធានី-ខេត្ត ទៅលើមុខដំណាំដូចជាស្រូវ ដំឡូវមី ពោត ដំណាំសាកវប្បកម្ម និងសត្វឱ្យបានពី ៦ខែ ទៅ ១ឆ្នាំសិន។ ឯកឧត្តមដ្ឋមន្ត្រីក៏សង្ឃឹមថា លោក SHIMADA នឹងវិនិយោគបង្កើតរោងចក្រផលិតផលិតផលនេះនៅកម្ពុជានាពេលអនាគត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។