ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ និងមន្ដ្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ

(ភ្នំពេញ) :នៅរសៀលថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនោះ សម្ដេចក្រឡាហោម និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចំរើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងស្ដាប់ព្រះធម្មវិសេសទេសនា ដើម្បីប្រមូលកុសលផលបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។

នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល នគរបាលជាតិ មន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នឹងបន្តអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេប្រគេនព្រះសង្ឃ ពហូទេវាដាឆ្លង ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខជាកិច្ចបញ្ចប់នៃពិធីបុណ្យកាន់បិណ្ឌវេនទី១០ ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។